ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះអនុវត្តរៀបចំសណ្តាប់សាធារណៈជុំវិញក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ស្វាយរៀង បានចុះរុះរើតូបលក់ដូរនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលមានតរដំបូល សំយ៉ាប ដាក់ឃ្លុបបាំង ស្លាកយីហោ ការតាំងលក់ទំនិញលើដីចំណីផ្លូវធ្វើឲ្យមានការសាទរពីសំណាក់ប្រជាពលរដ្ឋជាច្រើន ក្នុងការប្រលងប្រណាំងទីក្រុងស្អាត។

ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៨ រដ្ឋបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ស្វាយរៀង បានចុះរុះរើតូបលក់ដូរនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។

យោងតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះអនុវត្តរៀបចំសណ្តាប់សាធារណៈ និងបន្តធ្វើដូចភ្លៀងរលឹមចាប់ពីពេលនេះតទៅ។

ដោយសមត្ថកិច្ចចុះណែនាំឲ្យប្រជាពលរដ្ឋ អាជីវករដែលមានតដំបូល សំយ៉ាប ដាក់ឃ្លុបបាំង ស្លាកយីហោ ការតាំងលក់ទំនិញលើដីចំណីផ្លូវ ចិញ្ចើមផ្លូវត្រូវរុះរើចេញឲ្យរួចរាល់ត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ជាកំហិត មានផ្ទះនៅផ្លូវខាងត្បូងសួនកុមារ ខាងត្បូងមន្ទីរផែនការខេត្ត អមសងខាងផ្លូវចុះពីគល់ស្ពានគយត្របែកមកជើង រហូតដល់រង្វង់មូលស្រះវង់ និងនៅម្ដុំសួនពោធិព្រឹក្ស ខាងជើងធនាគារកាណាឌីយ៉ា និងកែងផ្លូវលេខ១១៣ (ភ្លើងស្តុប)។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកចិញ្ចើមថ្នល់ធ្វើជាកម្មសិទ្ធិឯកជន ឬ/និង សម្រាប់ដាក់លក់សម្ភារផ្សេងៗ ព្រោះចិញ្ចើមថ្នល់ គឺជាសម្បត្តិសាធារណៈ សម្រាប់ទុកឲ្យអ្នកថ្មើរជើងដើរ និងបម្រើឲ្យផលប្រយោជន៍រួម ។

ប្រភពបន្តថា ដើម្បីកែលម្អសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងស្វាយរៀង សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់តាមការអនុវត្តរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរួមគ្នាសម្អាតអនាម័យ បរិស្ថានដើម្បីរក្សាសោភ័ណភាពទីក្រុងនៃខេត្តស្វាយរៀងរបស់យើងទាំងអស់គ្នា ។

សូមបញ្ជាក់ថាសមត្ថកិច្ចចុះណែនាំដល់ប្រជាពលរដ្ឋអាជីវករលក់ដូរ ក៏មានប៉ះពាល់ពាកសំដីបន្តិចបន្តួច ហើយក្រុមអាជីវករលក់ដូរមួយចំនួនក៏មានការត្អូញត្អែរក្រោយពីមិនឲ្យលក់ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ព្រោះពួកគាត់លក់ដូរបន្តិចបន្តួចនៅគល់ស្ពានគយត្របែកយូរឆ្នាំមកហើយនិងសូមឲ្យអាជ្ញារធរជួយសម្រួលរកកន្លែងលក់ដូរណាដែរសមល្មមគ្រាន់ចិញ្ចឹមក្រពះនិងក្រុមគ្រួសារផងដែរ ៕ យឹម សុថាន


ចែករំលែក៖