ព័ត៌មានទាន់ហេតុការណ៍៖

មកពីភ្នំពេញចង់ហូបលៀស ទៅរាវលៀសនៅបឹងក្រោយភូមិ ស្រាប់តែលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ កុមារមួយក្រុមមានគ្នាប្រមាណ១០នាក់ បាននាំគ្នាទៅរាវលៀស និងងូតទឹកនៅបឹងខាងក្រោយផ្ទះ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបឹងកន្លែងចក ភូមិឈើទាល ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ខេតេ្តកណ្តាល បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់។

តាមប្រភពបងស្រីក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគេបានបបួលគ្នីគ្នាចំនួន១០នាក់ ទៅងូតទឹក និងរាវលៀស ខណៈនោះក្មេងរងគ្រោះឈ្មោះ ហុក វិច្ឆិកា អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ នៅភ្នំពេញ បានហែលចេញពីហ្វូងក្មេងៗទៅកណ្តាលរណ្តៅបឹង ភ្លាមៗនោះគេឃើញ វិច្ឆិកា ធ្វើមាត់ម្ហបៗ បក់ដៃឲ្យគេជួយ តែមិនមានក្មេងណាហ៊ានហែលទៅជួយទេ ពីព្រោះទឹកជ្រៅហើយអត់ចេះហែលទាំងអស់គ្នា ទើបមានក្មេងខ្លះរត់មកហៅមនុស្សចាស់ឲ្យទៅជួយ តែហួសពេល ក្មេងរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទោះបីយកមករលាក់ទឹកចេញពីខ្លួន ហើយនិងឆ្អើរភ្លើងក៏ដោយ តែក្មេងរងគ្រោះមិនអាចសង្គ្រោះបានទេ បច្ចុប្បន្ន សពក្មេងរងគ្រោះត្រូវបានឪពុកម្តាយ និងញាតិមិត្តយកធ្វើបុណ្យតាមប្រពៃណីនៅភូមិឈើទាល ឃំុព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

គួររំលឹកផងដែរថា នៅក្នុងបឹងក្រោយភូមិឈើទាល ឈ្មួញជាថៅកែ ឡត៍ឥដ្ឋ បានជីកស្រះយកអាចដីរណ្តៅជ្រៅៗ ហើយធំៗដែលជាហេតុបណ្តាលឲ្យមានក្មេងលង់ទឹកជារឿយៗ ៕ ឡូ សំអាត


ចែករំលែក៖