ក្លិបហង្សក្រហម Liverpool បានផ្តល់ប្រាក់ពលកម្មកាន់តែច្រើនដល់ខ្សែប្រយុទ្ធ Mohamed Salah ដើម្បីលួងលោមតារាឆ្នើមរូបនេះឲ្យនៅជាមួយក្លិបបន្តទៀត។ ប៉ុន្តែខ្សែប្រយុទ្ធ Salah ធ្លាប់ប្រាប់សារព័ត៌មានថា រូបគេសប្បាយរីករាយនឹងជីវិតរស់នៅទីក្រុង Liverpool ស្របពេលក្រុមមួយនេះត្រៀមរួចរាល់ក្នុងការផ្តល់នៅប្រាក់ពលកម្មនឿយហត់រហូត២00.000 ផោនក្នុងមួយសប្តាហ៍ ហើយក្លិបមានជំនឿថា ប្រាក់ពលកម្មដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបដែលត្រៀមផ្តល់ជូន និងធ្វើឲ្យ Salah និងព្រមបន្តកិច្ចសន្យាលេងឲ្យក្រុមទៀត។
ការបន្ថែមប្រាក់ពលកម្មដល់ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីបរូបនេះ បន្ទាប់ពីមានក្លិបធំៗមួយ ចំនួនចង់បានរូបគេនៅរដូវកាលក្រោយដូចជាក្លិបស្តេចស Real Madridជាដើម។ ហេតុដូច្នេះហើយទើបក្លិបហង្សក្រហមបន្ថែមប្រាក់ពលកម្មកាន់តែច្រើនដើម្បីកុំឲ្យកីឡាកររូបនេះចាកចេញពីក្លិប។
ខ្សែប្រយុទ្ធអន្តរជាតិអេហ្សុីបវ័យ២៤ឆ្នាំរូបនេះ បង្ហាញខ្លួនបានយ៉ាងល្អបំផុត ក្រោយពីការផ្ទេរពីក្លិប Roma កាលពីរដូវក្តៅមុនដោយស៊ុតបញ្ចូលទីបាន ៣៦គ្រាប់សម្រាប់គ្រប់នៅក្នុងការប្រកួតទាំងអស់។ ទម្រង់លេងដ៏ល្អនេះបានអង្រួនចិត្ត និងចំណាប់អារម្មណ៍ពីសំណាក់ ក្លិបយក្សធំពីរនៅអេស្បាញគឺ Barcelona និង Real Madrid ខណៈក្រុម ការពារតំណែងជើងឯក Champions League គឺអធិរាជស Real Madrid កំពុងពិចារណា ចុះហត្ថលេខានាំយក Salah ជាលើកដំបូងមករួមក្លឹបរបស់ខ្លួន ចាប់តាំងពីការនាំយកកីឡាករ James Rodriguez ពីក្លិប Monaco បន្ទាប់ពីការប្រកួត World Cup ២០១៤ កន្លងទៅ។
សូមបញ្ជាក់ថា បន្ទាប់ពីខកខាននាំយក Kylian Mbappe និង Neymar កាលពីរដូវក្តៅកន្លងទៅ ក្លិបReal Madrid កំពុងតែមានការខកចិត្តបាត់បង់ឱកាសការពារតំណែងជើងឯក La Liga របស់ខ្លួនរដូវកាល(២០១៧-២០១៨)នេះ ខណៈដែលក្រុម Barcelona ដែលកំពុងនាំមុខតារាង La Liga និងស្ថិតយ៉ាងកៀកក្នុងការលើកពាននៅរដូវកាលនេះ។ ក្លិប Real Madrid កំពុងតម្រង់ គោលដៅទិញកីឡាករនៅអង់គ្លេសជាច្រើនក្នុងនោះមានទាំងកីឡាករនៅក្លិបបិសាចក្រហម, ក្លិបមាន់ខ្នាយមាសជាដើម ៕ ដេវីត