ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានរងរបួសបាក់ជើងទាំងសងខាង និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់ដែលជិះក្នុងរឺុម៉ក់ម៉ូតូឡាំប្រឺតា បណ្ដាលឲ្យរឺម៉កម៉ូតូឡាំប្រឺតាក្រឡាប់ផ្ងារជើង និងម៉ូតូជនសង្ស័យដួលខ្ទេចមួយកំណាត់មុខ។
ក្នុងហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំងកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់ពីអ្នកបើករឺុម៉កម៉ូតូឡាំប្រឺតា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ រូបបានគាត់ដឹកបុរសម្នាក់ជាជនរងគ្រោះគោលបំណងទៅផ្សារាត្រី ដោយធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីលិចទៅកើត ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានបីម៉ូតូ ក្នុងនោះមានម៉ូតូគ្រឿងម៉ាក ស៊ុយស៊ូគីឡែត ពាក់ស្លាកលេខ ភ្នំពេញ1GJ-1729 ដែលជិះគ្នាពីរនាក់ធ្វើសកម្មភាពឆក់ទូរសព្ទពីភ្ញៀវដែលជិះខាងក្រោយគាត់ តែត្រូវបានជនរងគ្រោះកន្ធាក់បានមកវិញ ឯម៉ូតូជនសង្ស័យបានទាក់ដៃចង្កូតជាមួយរុឺម៉កម៉ូតូឡាំប្រឺតា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងរបួសស្រាលទាំងអ្នកបើកនិងអ្នកជិះ រីឯម៉ូតូជនសង្ស័យបានដួលអូសប្រហែល២០ម៉ែត្រ បណ្ដាលឲ្យជនសង្ស័យម្នាក់របួសបាក់ជើងទាំងសងខាង និងម្នាក់រត់ឡើងម៉ូតូពីរគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចដាក់ខ្នោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ទើបកសាងសុំរឿងនៅពេលក្រោយ ។ ចំណែកជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់៕ ស រស្មី