ជុំវិញអគារសាធារណៈរបស់រដ្ឋបច្ចុប្បន្នក្លាយជាចំណាប់ខ្មាំង នៃទីកន្លែងផ្ញើម៉ូតូស្ទើរតែអស់ទៅហើយ ។ ការដែលគេដាក់តាំងលក់ទំនិញ ឬលក់របស់ហូបចុកនៅតាមរបងចិញ្ចើមផ្លូវអគារសាធារណៈរបស់រដ្ឋ ធ្វើឲ្យផ្លូវកាន់តែរួមតូច ។ ទិដ្ឋភាពបែបនេះគេអាចមើលនឹងភ្នែកឃើញដោយផ្ទាល់ ជាក់ស្តែងនៅក្រោយមន្ទីរពេទ្យកុមារជាតិ ហ៊ុំព័ទ្ធទៅដោយកន្លែងលក់រថយន្ត និងលក់ចំណីចំណុក ។ អគារធំមួយនៅខាងលិចមន្ទីរពេទ្យកុមារជាតិ គ្មានចំណតត្រឹមត្រូវនោះទេ ដូច្នេះ បុគ្គលិកក្រុមហ៊ុនដែលធ្វើការនៅអគារនោះ ត្រូវបង្ខំចិត្តយកម៉ូតូដាក់ផ្ញើជាប់នឹងរបងខាងលិចមន្ទីរពេទ្យកុមារជាតិ ។ ចំណុចនេះធ្វើឲ្យផ្លូវកាន់តែរួមតូច ។ នៅជុំវិញមន្ទីរពេទ្យកុមារជាតិ គ្មានកន្លែងទំនេរទេ ។ អាជ្ញាធរគួរដោះស្រាយបញ្ហាចំណុចត្រង់នេះមុនគេ ពោលគឺមិនមែនតែជុំវិញមន្ទីរពេទ្យកុមារជាតិទេ នៅជុំវិញមន្ទីរពេទ្យរដ្ឋដទៃទៀត ក៏យ៉ាងដូច្នេះដែរ ។
នៅឯមុខមន្ទីរពេទ្យព្រះកេតុមាលា ក៏គេព័ទ្ធចិញ្ចើមផ្លូវសាធារណៈធ្វើជាចំណតម៉ូតូបានប្រាក់មួយថ្ងៃៗរាប់លានរៀលដែរ ។ នៅឯមុខមន្ទីរពេទ្យកាល់ម៉ែត ក៏មានចំណតម៉ូតូនៅលើចិញ្ចើមផ្លូវដូចគ្នា ។ នៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈក៏យកចិញ្ចើមផ្លូវធ្វើជាចំណតម៉ូតូដែរ ។ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏យ៉ាងដូច្នោះ? នៅមុខផ្សារស្ទឹងមានជ័យ នៅគ្រាដែលមានការកកស្ទះចរាចរណ៍ជាប្រចាំនោះ ក៏ត្រូវថៅកែផ្សារនេះយកចិញ្ចើមផ្លូវធ្វើជាចំណតផ្ញើម៉ូតូដែរ ។
ករណីខាងលើគ្រាន់តែជាឧទាហរណ៍ខ្លះៗពាក់ព័ន្ធទៅនឹងបញ្ហាដែលនាំឲ្យមានការកកស្ទះចរាចរណ៍ ។ អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះជាចម្បងមុនគេ ពីព្រោះវាជាអគារសាធារណៈរបស់រដ្ឋ ។ ពោលគឺវាជាគំរូសម្រាប់ឲ្យក្រុមហ៊ុនឯកជនយកតម្រាប់តាម ។ ប៉ុន្តែនេះអគារសាធារណៈរបស់រដ្ឋឆ្លៀតយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម ។ ដូច្នេះ អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះមុនគេ ដើម្បីជាគំរូដល់ស្ថាប័នផ្សេងៗទៀត ។
ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្ញុំបាទយល់ថា បញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងសព្វថ្ងៃ មួយផ្នែកធំដោយសារការមិនគោរពច្បាប់ និងមួយផ្នែកទៀត ដោយសារការរួមតូចនៃផ្លូវ ។ ការរួមតូចនៃផ្លូវដោយសារការអនុញ្ញាតឲ្យមានការដាក់លក់ចំណីអាហារ ក៏ដូចជាទំនិញសព្វសារពើនៅលើចិញ្ចើមផ្លូវ ។ អ្វីដែលត្រូវដោះស្រាយមុនគេគឺជុំវិញអគារសាធារណៈរបស់រដ្ឋ មិនមែនជាកន្លែងសម្រាប់ផ្ញើយានយន្តនោះទេ ៕ ប្រជាពលរដ្ឋម្នាក់