ប្រព័ន្ធផ្សព្វផ្សាយចិន និងកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពិតជាបានទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយជួបពិភាក្សាជាមួយប្រធានាធិបតីចិនស៊ី ជីងពីន លើបញ្ហា នយោបាយសំខាន់ៗមុនពេលជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង មូន ជេអ៊ីន និងមេដឹកនាំអាមេរិកដូណាល់ ត្រាំ។
សារព័ត៌មានស៊ីនហួរបានផ្សាយថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់លោកគីម ជុងអ៊ុន និងភរិយា Ri Sol Ju ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា តាមការអញ្ជើញរបស់មេដឹកនាំចិនស៊ី ជីងពីន ។ នៅក្នុងជំនួបពិភាក្សាមេដឹកនាំទាំងពីរផ្លាស់ប្តូរពីទស្សននយោបាយ ។ នេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់ លោកគីម ជុងអ៊ុន ចាប់តាំងពីលោកឡើងកាន់តំណែងនៅឆ្នាំ២០០១។ ដំណើរទស្សនកិច្ចកើតឡើងក្នុងពេលកូរ៉េខាងជើងត្រៀមជួបពិភាក្សាជាមួយ មេដឹកនាំអាមេរិក ។
សារព័ត៌មានចិនបានផ្សាយថា ប្រធានាធិបតីចិន ស៊ី ជីងពីន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដោយបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពប្រទេសទំាងពីរ គឺជាទ្រព្យសម្បត្តិមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន។ ចំណែកមេដឹកនាំ កូរ៉េខាងជើងក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៅឧប្បទ្វីបកូរ៉េកំពុងឆ្ពោះទៅមុខយ៉ាងល្អប្រសើបំផុត ដោយបន្ថយភាពតានតឹង និងឆ្ពោះទៅរកកិច្ចពិភាក្សាដើម្បីសន្តិភាព។
លោកគីម ជុងអ៊ុន បញ្ជក់ថា នឹងពិភាក្សាជាមួយអាមេរិក ក៏ដូចជាកិច្ចពិភាក្សាទ្វេភាគីផ្សេងទៀត ហើយ នឹងបោះបង់កម្មវិធីបរមាណូ បើអាមេរិក និងកូរ៉េខាងត្បូងមានសុទិដ្ឋិនិយមបង្កើតបរិយាកាសសន្តិភាព ស្ថេរភាព នៅឧប្បទ្វីបកូរ៉េ ។
ទីក្រុងប៉េកាំង ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនសូវល្អឡើយរយៈពេលកន្លងមកនៅពេលទីក្រុងព្យុងយ៉ាងជំរុញកម្មវិធីបរមាណូ និងមីស៊ីល បង្ខំឲ្យចិនត្រូវតែចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ។
សាស្ត្រាចារ្យ Bates Gill មកពីមហាវិទ្យាល័យ អូស្ត្រាលីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង ចង់ឲ្យមហាមិត្តចិនគាំទ្រ នៅក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និងអាមេរិក។
ជាមួយនិងជំនួបពិភាក្សារវាងលោក ស៊ី ជីងពីន និងគីម ជុងអ៊ុនគឺជាសារយ៉ាងសំខានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងត្បូង ម៉ូន ជេអីន និង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ថា ចិនបានគាំទ្រដល់កូរ៉េខាងជើងលើផ្នែកនយោបាយ។ ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងមិនអាចបោះបង់ចោលគ្នាបានឡើយ ប្រទេសទាំងពីរ នៅតែរក្សាទំនាក់ទំនងមិត្តភាពល្អប្រសើរដូចដើម៕ ម៉ែវ សាធី