ភ្នំពេញ ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍ សាត់បានប្រកាសផ្សព្វផ្សាយពីភូមិសហ គមន៍បណ្តែតទឹកកំពង់ហ្លួងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៨ខាងមុខនេះ។
តាមមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ភូមិបណ្តែតទឹកកំពង់ហ្លួងនេះ មានទីតាំង ស្ថិតនៅក្នុងឃំុកំពង់ហ្លួង ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រ ពីទី រួមខេត្តពោធិ៍សាត់ និង១៥៩គីឡូម៉ែត្រ ពីភ្នំពេញ។ ដើម្បីទៅទស្សនាទេសភាព នៅកំពង់ហ្លួងនេះជាដំបូងយើងធ្វើដំណើរ មកដល់ផ្សារក្រគរមានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥នឹងលេខ៥៤នឹង ផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ ពីទីប្រជុំជនស្រុកក្រគរ ឆ្ពោះទៅបឹងទន្លេ សាបចម្ងាយ៧គីឡូម៉ែត្រ ដោយឆ្លងកាត់ ភូមិទី៤ សាលាឃុំកំពង់ហ្លួង និងអនុវិទ្យា ល័យកំពង់ហ្លួង ទើបទៅដល់មាត់ទឹក ដែលនៅទីនោះមានទូកកាណូតតូចធំនៅតម្រៀបគ្នារង់ចាំដឹកភ្ញៀវទេសចរ និងដឹក ទំនិញផ្សេងៗទៅផ្គត់ផ្គង់ជីវភាពអ្នករស់ នៅលើភូមិបណ្តែតទឹកនោះ។
នៅក្នុងឃុំកំពង់ហ្លួងនេះភ្ញៀវទេសចរ ជាតិ និងអន្តរជាតិចូលទស្សនារួមទាំងការ ធ្វើដំណើរកម្សាន្ត តាមទូកកាណូតលើផ្ទៃ ទន្លេសាប គយគន់មើលផ្ទះបណ្តែតទឹក សិក្សាពីការរស់នៅរបស់ប្រជាជនភូមិនេះ ផង រួមទាំងមើលហ្វូងសត្វស្លាប និងមើល ព្រះសុរិយាហៀបលិច ដែលចាំងឆ្លុះពណ៌ ធម្មជាតិដ៏ស្រស់ត្រកាលនៅលើផ្ទៃទឹកបឹង ធម្មជាតិទន្លេសាបនេះ។ ចំពោះសេវាកម្មផ្ទះ សំណាក់លើទឹក ឬ Home stay មានចំនួន ៣កន្លែង តម្លៃស្នាក់នៅមួយយប់៦ដុល្លារ សម្រាប់មនុស្សម្នាក់។
ជាការកត់សម្គាល់ផ្ទះបណ្តែតទឹកនៅ លើបឹងទន្លេសាប ពិសេសនៅកំពង់ហ្លួង ក្នុងខេត្តពោធិ៍សាត់ និងនៅឆ្នុកទ្រូ ខេត្ត កំពង់ឆ្នាំង ឬក៏នៅទីរួមខេត្តកំពង់ឆ្នាំង គឺ មានផ្ទះបណ្តែតទឹករាប់រយពាន់ជាប់ៗគ្នា ស្ទើរតែបិទដៃទន្លេសាបជិតហើយ។ ភាគ ច្រើននៃអ្នករស់នៅលើផ្ទះបណ្តែតទឹកទាំង នោះជាជនជាតិវៀតណាម។ ពួកគេ ប្រកបរបរលក់ដូរ នេសាទត្រី និងខ្លះឡើង មករកស៊ីនៅលើដីគោក តែទៅស្នាក់នៅ ក្នុងផ្ទះបណ្តែតទឹកនោះ។
ជាការពិតសហគមន៍ផ្ទះបណ្តែតទឹក តាមបឹងទន្លេសាបបានទាក់ទាញអ្នក ទេសចរជាតិ និងអន្តរជាតិជាច្រើនយូរឆ្នាំ មកហើយ ទាំងនៅខេត្តកំពង់ឆ្នាំង និងទាំង នៅខេត្តពោធិ៍សាត់ ដោយផ្តល់ចំណូល ចូលខេត្តផង និងចំណូលសម្រាប់ប្រជា សហគមន៍ផ្ទាល់។
ក៏ប៉ុន្តែការរស់នៅលើផ្ទះបណ្តែតទឹក កកើតជាសហគមន៍រាប់រយពាន់ផ្ទះទាំង នោះបង្កការលំបាកច្រើនយ៉ាង។ ទី១- សម្រាប់អ្នករស់នៅផ្ទាល់ត្រូវប្រឈមខ្លាំងលើបញ្ហាសុវត្ថិភាព ពិសេសកូនចៅ គឺ ប្រឈមនឹងការលង់ទឹកស្លាប់ ព្រមទាំង បាត់បង់របររបស់។ល។ និង។ល។ និង ពិបាកធ្វើដំណើរ។ ទី២-សម្រាប់បរិស្ថាន គឺបំពុលខ្លាំងមែនទែន ដល់ទឹកទន្លេសាប ដោយសារតែការរស់នៅទាំងនោះខ្វះ អនាម័យ បណ្តាលឲ្យទឹកកខ្វក់ និងមាន សំរាមអណ្តែតស្អុយ ជាដើម។ ទី៣-សោ ភណភាពនៅតំបន់មាត់ទន្លេនៅកន្លែងអ្នករស់នៅតាមទឹកទាំងនោះ គឺលែងក្លាយ ជាមាត់ទន្លេ ដែលមានសោភណភាពល្អ តទៅទៀតហើយ។ ខ្យល់អាកាសបរិសុទ្ធ នៅមាត់ទន្លេក៏លែងមានដែរ។
សរុបមកចំណូលពីទេសចរណ៍នៅតំបន់ សហគមន៍ផ្ទះបណ្តែតទឹក ហាក់ដូចជា ទទួលបានតិចជាងផលវិបាក និងមិនអាច ប៉ះប៉ូវនូវផលប៉ះពាល់បរិស្ថាន ដែលកើត ចេញពីអ្នករស់នៅលើផ្ទះបណ្តែតទឹកទាំង នោះទេ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ពិសេសនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ ឆ្នាំងគួរតែរកវិធីដោះស្រាយយកក្រុម អ្នករស់នៅលើផ្ទះបណ្តែតទឹកទៅរស់នៅ លើគោក ហើយប្រកបរបរចិញ្ចឹមជីវិតអ្វី ផ្សេងវិញប្រសើរជាជាងការបន្តទុកឲ្យរស់ នៅលើទឹក ព្រោះនៅខេត្តទាំងពីរនោះនៅ មានដីសល់ទំនេរច្រើនណាស់៕ ហេង នរិន្ទ្រ