ខេត្តសៀមរាប៖ កំណាត់ផ្លូវក្រាលកៅ ស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរមានប្រវែង ជាង២០គីឡូម៉ែត្រ កំពុងជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកដោយ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោង អន្តរវិស័យ ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរ វិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិ អប្សរាបានឱ្យដឹងថា ក្រុមការងារបានអនុ វត្តការងារកាលពីខែមីនា ឆ្នាំ២០១៨ហើយការអនុវត្តគម្រោងនេះមានរយៈពេល៤ខែទើបបញ្ចប់។ រីឯការជួសជុលកែលម្អផ្លូវវង់ ធំវិញ មិនបានធ្វើឡើងទាំង២០គីឡូម៉ែត្រ តែម្តងនោះទេ ព្រោះធ្វើទៅតាមលទ្ធភាព ថវិកាប្រចាំឆ្នាំ។ ជាក់ស្តែងគម្រោងមូលនិធិ ឆ្នាំ២០១៧ អាចធ្វើបានប្រវែង៤០-៦០ ម៉ែត្រ និងសម្រាប់ឆ្នាំ២០១៨អាចជួសជុលបន្ថែមបានប្រវែង៥០០០ម៉ែត្រទៀត ។
លោកបន្តទៀតថា ដំបូងឡើយការជួសជុលគ្រោងពង្រីកទទឹងរហូតដល់៩ម៉ែត្រ គឺ៦ម៉ែត្រសម្រាប់យានយន្តធ្វើចរាចរណ៍ និង១ម៉ែត្រសងខាងសម្រាប់អ្នកជិះកង់។ ប៉ុន្តែក្រោយកិច្ចប្រជុំជាមួយនាយកដ្ឋាន ពាក់ព័ន្ធបានឱ្យដឹងពីចរាចរណ៍ផ្លូវនេះថា មិនសូវមានអ្នកជិះកង់ច្រើន ទើបសម្រេចពង្រីកទទឹងផ្លូវត្រឹម៦ម៉ែត្រ លើទទឹងផ្លូវ ចាស់៥ម៉ែត្រ សម្រាប់ប្រើប្រាស់រួមរវាង អ្នកជិះកង់និងយានយន្ត។ ក្រៅពីការកែ លម្អផ្លូវនេះក្រុមការងារក៏បានកែសម្រួលប្រព័ន្ធរំដោះទឹកអមសងខាងផ្លូវដោយប្រើបច្ចេកទេសបើកមុខលូជារាងត្រីកោណ ដើម្បីឱ្យទឹកជ្រាបចូលក្នុងដីបានលឿន និងបង្ការការបាក់ស្រុតដីលុបប្រព័ន្ធបង្ហូរទឹក ផងដែរ ។
ជាការកត់សម្គាល់អំឡុងពេលនៃការ ជួសជុលនេះក៏បានបង្ករការហុយដីរំខានក្នុងការធ្វើដំណើរខ្លះៗដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលទស្សនាតំបន់វង់ធំ ពេលក្រុមការងារកំពុងឈូសឆាយចាក់ កៅស៊ូនិងរោយកម្ទេចថ្មតាមលក្ខណៈបច្ចេកទេស។ ដូច្នេះរាល់ពេលធ្វើដំណើរឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បង្ការកុំឱ្យ មានគ្រោះថ្នាក់ដោយយថាហេតុ និងត្រូវ ពាក់ម៉ាស់ មួកឬកន្សែងការពារធូលីដីហុយពេលធ្វើដំណើរដោយកង់ឬម៉ូតូ។
ក្នុងនាមស្ថាប័នជំនាញអាជ្ញាធរជាតិ អប្សរាសូមការអធ្យាស្រ័យនិងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ ដូចជាភ្ញៀវទេសចរទាំងអស់ចំពោះផល លំបាកតិចតួចដែលបង្កឡើងពីការស្ថាបនានាផ្លូវនេះ។ ក្នុងពេលឆាប់ៗបន្ទាប់ពីចាក់ កៅស៊ូរួចរាល់ទាំងស្រុង ផ្លូវនេះនឹងបាត់ ហុយ ហើយក្លាយជាផ្លូវមួយដ៏ល្អសម្រាប់ការធ្វើដំណើរ ងាយស្រួលក្នុងការទស្សនាប្រាង្គប្រាសាទប្រកបដោយផាសុកភាព៕ ហេង សូរិយា
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ