ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ តាំងបង្ហាញ វត្ថុសិល្បៈ វប្បធម៌ ប្រពៃណី និងតម្បាញក្រមា ដើម្បី ឱ្យអ្នកជំនាន់ក្រោយបានយល់ដឹង និងបន្តថែរក្សា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្រ្គានឆ្នាំថ្មី នៅរម្យនីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងកម្មវិធីសប្បាយភាព ជាច្រើនទៀត រួមទាំងរៀបចំលំអរតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ សម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិ បានកំសាន្តសប្បាយផង និងបង្ហាញពីទំនាមទំលាប់ វប្បធម៌ ប្រពៃណីខ្មែរ ហើយក៏ជាការរំលឹកឱ្យអ្នកជំនាន់ក្រោយៗបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាការពារឱ្យបានគង់វង្សយូអង្វែង។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាស ដែលលោក ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទ ចុះទៅ ទស្សនា និងលើកទឹកចិត្ត ដល់ក្រុមតម្បាញក្រមាខ្មែរ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅវាលព្រះមេរុ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ១៣កើត ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ រាល់សកម្មភាពនានា ដែលបានបង្កើតឡើង ដើម្បីចូលរួមអរអរសាទរ បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង និងមួយផ្នែកទៀត រំលឹកឱ្យកូនខ្មែរ បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងតស៊ូ បង្កើតនូវស្នាដៃ ច្នៃប្រឌិត នូវសម្ភារៈប្រើប្រាស់របស់បុព្វបុរស ដែលបានបន្សល់ទុកមកឱ្យអ្នកជំនាន់ក្រោយបន្តថែរក្សាការពារឱ្យគង់វង់។

លោកអភិបាលបានរំលឹកថា៖ សិប្បកម្ម តម្បាញ ជាស្នាដៃរបស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក បង្កើតឡើងសម្រាប់អាជីវកម្មចិញ្ចឹមជិវិតប្រចាំថ្ងៃក្នុងគ្រួសារ ហើយសមិទ្ធិផលមួយនេះ កំពុងមានប្រជាប្រិយ៍ភាព និងទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលបានមកទស្សនាកំសាន្ត នៅប្រទេស កម្ពុជា។ ក្រមាខ្មែរ ជាផលិតផលដែលផលិតឡើងដោយដៃកសិករ មានតួនាទីច្រើនយ៉ាង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការរៀបចំឱ្យមានកម្មវិធីបង្ហាញពីសិប្បកម្មក្រមា និងផលិតផលក្រមា នាពេលនេះ ជាកិច្ចការដ៏មានប្រយោជន៍ សម្រាប់កូនខ្មែរ ដឹងពីសារៈសំខាន់ និងគុណប្រយោជន៍ក្រមារបស់កសិករខ្មែរ។ លោកក៏បានស្នើរសុំ ឱ្យប្រជាជន បន្តការប្រើប្រាស់ក្រមាខ្មែរ ដែលជាមរតករបស់ខ្លួន និងជួយអភិរក្សទាំងអស់គ្នា ព្រមទាំងអំពាវនាវឱ្យមកទស្សនា ការតាំង បង្ហាញពីសង្វាក់សិប្បកម្មតម្បាញក្រមានៅទីនេះ និងជួយជាវផលិតផល ដែលជាស្នាដៃរបស់យុវជនខ្មែរឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្ត និងជម្រុញការផលិត។

ជាមួយគ្នានោះ លោក អភិបាល ក៏បានជម្រាបជូន អំពី ការរៀបចំតុបតែង លំអរសោភណ្ឌភាព តាមដងផ្លូវ សួនច្បារ កន្លែងកំសាន្ត វត្តអារាម និងសង្រ្កានវត្តភ្នំ រួចជាស្រេច ជាពិសេស ត្រៀមពង្រឹងសន្តិសុខ សណ្តាប់ ការពារសុវត្ថិភាព សម្រាប់អ្នកមកកំសាន្តនានា និងទទួលអំណរឆ្នាំថ្មី ក្នុងរាជធានីភ្នំពេញ៕ សំរិត


ចែករំលែក៖