ភ្នំពេញ៖ គិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយ ។ ក្នុងការរៀបចំការងារគ្រប់គ្រងរចនាសម្ពន្ធ័ រដ្ឋបាលដែនដី របស់រាជរដ្ឋាភិបាល សម្រាប់គ្រប់គ្រងក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើការផ្លាស់ប្តូរអភិបាលក្រុងភ្នំពេញ ចំនួន១១រូប ។តាមរយៈឯកសារ។
ការផ្លាស់ប្តូររចនាសម្ពន្ធ័ដឹកនាំជាអភិបាលក្រុងភ្នំពេញ តែងតែមានការភ្ញាក់ផ្អើល និងដឹងលឺល្បីខ្ទរខ្ទារ ព្រោះអាណាចក្រនេះ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ រាប់ទាំងក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏នៅទីនេះដែរ ហើយក៏អាចនិយាយបានទៀតថា អភិបាលរាជធានីភ្នំពេញនេះ គឺជាប៉ុស្តិត្រូវប៉ាន់ ក្នុងចំណោម ខេត្តក្រុងនានានៅទូទាំងប្រទេស ហើយក៏ជាប៉ុស្តិប្រគួតប្រជែងគ្នាផងដែរ ។
ដោយសារកន្លែងត្រូវប៉ាន់ និងប្រគួតប្រជែងគ្នាបែបនេះ ហើយ បានជាមហាជនតែងតែចាប់អារម្ម និងយកចិត្តទុកដាក់ចំពោះតែអភិបាលរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះក៏មានចម្ងល់ដោយលើកឡើងជាសំនួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេ ? និងមានការអភិវឌ្ឃន៏ច្រើនជាងគេ ? តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងតិចជាងគេ ?
ចំពោះសំនួរទី១ដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេ នោះ ប្រជាពលរដ្ឋដែលដឹង និងរស់នៅទាន់ពីឆ្នាំ១៩៧៩ រហូតមដល់ពេលនេះនោះ ពិតជាអាចឆ្លើយបាន គឺលោក កែប ជុតិមា បានដឹកនាំរាជធានីភ្នំពេញមានរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣ ហើយក៏អាចចាត់ទុកថាជា អភិបាលរាជធានីភ្នំពេញ មានសំណាងជាងគេ ព្រោះនៅចន្លោះដែលលោកបានគ្រប់គ្រងនោះ ស្របពេល សេដ្ឋកិច្ចប្រទេសជាតិកំពុងតែកើនឡើងយ៉ាងខ្លាំង អ្នកវិនិយោគចូលមកភ្នំពេញច្រើន ជាពិសេសទៅទៀតនោះ ដីកំពុងតែឡើងថ្លៃកប់ពពកតែម្តង ។
ចំពោះសំនួរដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងតិចជាងគេ នោះមានចំនួន២រូប គឺទី១.លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ និងទី២. លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣ ។
ប៉ុន្តែចំពោះសំនួរដែលសួរថា តើអភិបាលក្រុងមួយណាដែលមានស្នាដៃ និងល្បីល្បាញជាងគេនោះ ពិតជាមិនអាចបកស្រាយបាននោះទេ ព្រោះខ្លាចអតីត អភិបាលក្រុងនានាដែលខិតខំដែរ លោកអន់ចិត្ត ប៉ុន្តែបងប្អូនដែលបានចូលរួមអង្កេត និងតាមដានពិតជាបានដឹង ចឹងទេ ទុកឱកាសនេះឲ្យបងប្អូនធ្វើការវិនិច្ឆ័យចុះ !
យោងតាមឯកសារមួយសន្លឹកដែលមានភ្ជាប់ជាមួយរូបថត និងឆ្នាំដែលអភិបាលរាជធានីភ្នំពេញ បានដឹកនាំចាប់ពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០១៨នេះ បានបង្ហោះតៗគ្នាបានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០១៨នេះ អភិបាលក្រុងភ្នំពេញចំនួន១១រូបហើយ ត្រូវបានផ្លាស់ប្តូរ គឺទី១.លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ ទី២. លោក ចាន់ វ៉ែន ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨២ ទី៣. លោក កែវ ចិន្តា ចន្លោះពីឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៥ ទី៤. លោក ថោង ខុន ចន្លោះពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩០ ទី៥. លោក ហុក ឡង់ឌី ចន្លោះពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩២ ទី៦. លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣ ទី៧. លោក ឈឹម សៀកឡេងចន្លោះពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨ ទី៨. លោក ជា សុផារ៉ា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៣ ទី៩.លោក កែប ជុតិមា ចន្លោះពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣ ទី១០.លោក ប៉ា សុជាតិវង្ស ចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ និងទី១១.លោក ឃួង ស្រេង បានដឹកនាំជាអភិបាលរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះ ៕ សំរិត