ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវដែកពីប៉ោយប៉ែតមកសិរីសោភ័ណដែលផ្អាកសកម្មភាព ៤៥​ឆ្នាំមកនោះត្រូវបានដំណើរការឡើងវិញចាប់ពីថ្ងៃទី៤ ខែមេសា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្លូវដែកពីប៉ោយប៉ែតមកសិរីសោភ័ណខេត្តបន្ទាយមាន ជ័យដែលបានផ្អាកដំណើរការអស់រយៈ ៤៥ឆ្នាំនោះត្រូវបានដំណើរការឡើងវិញ ចាប់ពី​ថ្ងៃ​ទី៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៨ ជិះដោយឥតគិតថ្លៃ ។

លោក លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៨ ថា ផ្លូវដែកពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណនឹងត្រូវបើកដំណើរការចាប់ពីថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ អ្នកដំណើរជិះ​ដោយ​ឥតគិតថ្លៃ ដែលចេញដំណើរពីក្រុងប៉ោយ​ប៉ែតមកក្រុងសិរីសោភ័ណមានម៉ោង៧ ព្រឹកដល់ម៉ោង១០និង៣០នាទីនិងម៉ោង២និង១៥នាទីរសៀល និងចេញពីក្រុងសិរីសោភ័ណមកក្រុងប៉ោយប៉ែតមានម៉ោង៨និង៤០ នាទីព្រឹក និងម៉ោង១២និង៤៥នាទី​និងម៉ោង៤រសៀល ។

លោកបានបញ្ជាក់ថា ផ្លូវដែកនឹងដំណើរការឡើងវិញនៅថ្ងៃទី៤ ខែមេសារហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ អ្នកដំណើរជិះដោយឥតគិតថ្លៃនេះគឺបើកដំណើរការដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្តដែលត្រូវបើកដំណើរការពីក្រុងប៉ោយប៉ែតមក ដល់ក្រុងសិរីសោភ័ណ ។

លោក លី បូរិន បានបញ្ជាក់ថាផ្លូវដែកពីក្រុងប៉ោយប៉ែតទៅរាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការពីរដំណាក់កាល ដំណាក់កាលទី១ផ្អាកដំណើរការនៅអំឡុង ឆ្នាំ១៩៧៣ពីក្រុងប៉ោយប៉ែតមកដល់ក្រុងសិរីសោភ័ណត្រូវបានកាត់ផ្តាច់, ដំណាក់ កាលទី២ ផ្អាកដំណើរការនៅអំឡុងឆ្នាំ ២០០៦ ឬ២០០៧ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដល់ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាមានសុខ សន្តិភាព អភិវឌ្ឍន៍និងរីកចម្រើន បាន កសាងនិងស្តារឡើងវិញផ្លូវដែកនៅខេត្ត ទិសពាយ័ព្យ នៃប្រទេសកម្ពុជាមានខេត្ត បន្ទាយមានជ័យដែលចាប់ដំណើរការនៅថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៨ អ្នកដំណើរជិះដោយ ឥតគិតថ្លៃ និងដំណើរការពីក្រុងសិរីសោ ភ័ណខេត្តបន្ទាយមានជ័យដល់ខេត្តបាត់ ដំបងនៅអំឡុងខែមិថុនា ឆ្នាំ២០១៨ហើយ​និងចាប់ដំណើរការផ្លូវដែកកម្ពុជាថៃឲ្យបាន ឆាប់​ផង​ដែរ ៕ ហេង សូរិយា


ចែករំលែក៖