ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃលិចទឹក៤ហិកតានៅស្រុកកំពង់ ត្រឡាច ត្រូវឈ្មួញឈូសឆាយ១ខែហើយមន្ត្រីជំនាញមិនទាន់មានវិធានការ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃលិចទឹក ប្រមាណជា៤ហិកតា ត្រូវបានក្រុមហ៊ុន មួយឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិមានរយៈពេល១ខែមកហើយ ខណៈដែល សារព័ត៌មាន និងបណ្តាទូរទស្សន៍បានផ្សាយកន្លងមកពីសកម្មភាពឈូសឆាយរួច ហើយនោះ តែមកដល់ពេលនេះ គេមិន ទាន់ឃើញសមត្ថកិច្ចជំនាញ អាជ្ញាធរស្រុក ខេត្តណាមួយចាត់វិធានការឡើយ។

ដីព្រៃលិចទឹក ដែលរងការឈូសឆាយដុតបំផ្លាញទន្ទ្រានយកធ្វើជាកម្មសិទ្ធិមានទំហំប្រមាណជា៤ហិកតា ស្ថិតនៅក្នុងភូមិ ថ្នល់ចាម ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលមន្ត្រីជលផល ប្រាប់ថា បានចុះពិនិត្យ និងធ្វើរបាយការណ៍ដាក់ជូនទៅមន្ទីរកសិកម្មរួចហើយ។

ដោយឡែកមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងឲ្យដឹងថា មិនមែនជាដីព្រៃលិចទឹកទេ វាជាដីស្រែប្រាំង ស្ថិតក្នុងដែននេសាទមិនអាចធ្វើការឈូសឆាយធំបែបនេះបាន ឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា កន្លង ទៅនេះ ក្រុមការងារចម្រុះរបស់ខេត្តបានចុះទៅពិនិត្យរួចរាល់ហើយ ដោយឃើញថា ពិតជាមានការឈូសឆាយដីនៅកន្លែងខាងលើពីក្រុមហ៊ុននោះមែន តែមិនបានសុំច្បាប់ពីមន្ទីរកសិកម្មខេត្តទេ។

លោកបន្តថា ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅក្នុងតំបន់ខាងលើនេះគឺធ្វើមិនបានទេ ព្រោះវាពាក់ព័ន្ធនឹងដីក្នុងដែននេសាទ វាមិនមែនជាដីព្រៃលិចទឹកនោះឡើយ ។ បើពាក់ព័ន្ធដល់ក្នុងដែននេសាទការ អភិវឌ្ឍបែបនេះ ទាល់តែសុំច្បាប់ពីក្រសួងពាក់ព័ន្ធជាច្រើន ទើបអាចធ្វើបាន។

លោកបន្តទៀតថា ដោយឡែកដីនៅ ចំណុចខាងលើនេះមានដីខ្លះវាជាស្រែប្រាំងប្រជាពលរដ្ឋអាចបង្កបង្កើនផលបាន នៅ លើដីស្រែចាស់ៗ ហើយវាមិនអាចអភិវឌ្ឍដោយធ្វើការឈូសឆាយបែបទ្រង់ទ្រាយធំនេះបានទេ បើគ្មានការអនុញ្ញាតពីក្រសួង កសិកម្មនោះ។

ការឈូសឆាយទន្ទ្រានកាន់កាប់ដីក្នុងដែននេសាទនៅតំបន់ខាងលើនេះ យកធ្វើជាកម្មសិទ្ធិឯកជនមិនត្រូវបាននរណាម្នាក់ដឹងនោះឡើយ ខណៈដែលមន្ត្រីជលផលនិងអាជ្ញាធរស្រុកឆ្លើយថាមិនដឹង ។

ប្រភពដោយឡែកមួយបានបង្ហើបឲ្យ ដឹងថា ដីក្នុងតំបន់ខាងលើនេះ កំពុងត្រូវ ប៉ាន់ ខណៈដែលក្រុមឈ្មួញកំពុងដើររក ទិញដៃព្រៃលិចទឹកជជុះនៅទីនោះបន្ថែមទៀត ដើម្បីលក់បន្តឲ្យទៅក្រុមហ៊ុនចិន ដែលគេមិនស្គាល់ឈ្មោះនោះឡើយ ដើម្បី ធ្វើការអភិវឌ្ឍស្រូវប្រាំង តែពួកគេគ្មាន ច្បាប់អនុញ្ញាត ហើយរាល់ការទិញលក់ដីព្រៃលិចទឹកខាងលើនេះ វាសុទ្ធតែមានការទទួលស្គាល់ពីមេភូមិ មេឃុំ និងអភិបាល ស្រុកទៀតផង។

ករណីខាងលើនេះអភិបាលស្រុកកំពង់ត្រឡាចលោក ឈឹម វិទ្ធា មិនអាចសុំការ បំភ្លឺបានឡើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ខណៈទូរស័ព្ទចូលមិនមាន អ្នកលើក។

ជុំវិញបញ្ហាខាងលើនេះដែរ អាជ្ញាធរ​ខេត្ត និងមន្ត្រីពាក់ព័ន្ធនៅមិនទាន់មាន ចំណាត់ការក្តៅនៅឡើយទេ ហើយបើមិន ចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់បន្ទាន់ នោះទេ ដីព្រៃលិចទឹករាប់រយហិកតាក្នុង តំបន់ខាងលើនេះ ប្រាកដជារលាយអស់ មិនខានឡើយ ហើយរឿងនេះយើងធ្លាប់បានធ្វើការផ្សាយម្តងរួចមកហើយដែរ ៕ ហេង នរិន្ទ្រ


ចែករំលែក៖