ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនភ្ញៀវទេសចរណ៍បរទេសចូលមកទស្សនានៅព្រះរាជាណាកម្ពុជាកើនឡើង១៥.២៤ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសបានចូលមកទស្សនា និងកំសាន្តក្នុងព្រះរាជាចក្រកម្ពុជា មានអត្រាកើនឡើងជាលំដាប់។ តាមទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរណ៍បរទេសសរុបមាន១,៨៦៨,៥៩៨នាក់ នេះបើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០១៧កើនឡើង២៤៧,១៧២នាក់ស្មើ១៥.២៤ភាគរយ។

របាយការណ៍បានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃចន្ទ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសដែលនាយកដ្ឋាននគរបាលទេសចរណ៍ បានរៀបចំកម្មពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងដកបទពិសោធន៍នគរបាលទេសចរណ៍ទូទាំងប្រទេសប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ របស់ខ្លួននៅសាលប្រជុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋាន នាយ នាយរងការិយាល័យ អង្គភាពចំណុះនាយកដ្ឋាន ស្នងការរងទទួលផែនទេសចរណ៍ អង្គភាព ការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសរុប១២០នាក់។

លោកឧត្តមសេនីយ៍ត្រី ចាន់ សារឿន អនុប្រធាននាយកដ្ឋានបានឲ្យដឹងថា ភាពវិជ្ជមាន នៃកំណើនទេសចរបរទេសដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេស ស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់បានល្អប្រសើរ។

លោឧត្តមសេនីយ៍ត្រី ចាន់ សារឿន បន្តលើកឡើងឲ្យដឹងបន្ថែមថា កត្តាសុខសន្តិភាពនេះបានធ្វើឲ្យភ្ញៀវទេសចរបរទេសមានជំនឿមកលើព្រះរាជាណាចក្រកម្ពុជា ហើយកំណើនភ្ញៀវទេសចរបរទេសបានកើនឡើង១៥.២៤ភាគរយ គួរឲ្យកត់សម្គាល់។ ក្នុងនោះបទល្មើសឆក់លើជនបរទេសបានថយចុះ២.៤៣ភាគរយ ទេសចររងគ្រោះដោយឧបទ្ទវហេតុថយចុះ៤០.២៧ភាគរយ ការភ្លេចសំភារៈ និងជ្រុះបាត់របស់ភ្ញៀវទេសចរថយចុះ២៦.៨៦ភាគរយ ការទទួលពាក្យបណ្តឹងថយចុះ២៤.៨៧ភាគរយ ជាពិសេសបានស្រាវជ្រាវរកឃើញសម្ភារៈហើយប្រគល់ជូនភ្ញៀវទេសចរវិញ៤៥នាក់មាន៖ លិខិតឆ្លងដែន១៨ក្បាល ម៉ាស៊ីនថតរូប៨គ្រឿង កុំព្យូទ័រ៩គ្រឿង ទូរស័ព្ទដៃ១៥គ្រឿង អាយផេត៤គ្រឿង អត្តសញ្ញាណបណ្ណ៨ក្បាល បណ្ណបើកបរ៧ក្បាល បណ្ណឥណទាន៥៣សន្លឹក កាបូបចំនួន៤ ផងដែរ។

ជាមួយគ្នានេះផងដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការកោតសសើរដល់សមត្ថកិច្ចនគរបាលទេសចរណ៍ដែលបានខិតខំប្រឹងប្រែងដោះស្រាយជូនភ្ញៀវទេសចរបរទេសទាន់ពេលវេលា ហើយកត្តាខាងលើនេះហើយដែលធ្វើឲ្យភ្ញៀវទេសចរបរទេសមានជំនឿមកលើ កងកម្លាំងសមត្ថកិច្ចក្នុងការរក្សា សន្តិសុខ សុវតិ្ថភាព និងដោះស្រាយរាល់បញ្ហាបានប្រសើរជូនភ្ញៀវ។

លោកនាយឧត្តមសេនីយ៍ក៏បានផ្តល់អនុសាសន៍បន្ថែមដល់នគរបាលទេសចរណ៍ ធ្វើយ៉ាងណាបន្តពង្រឹងតំបន់ទេសចរឲ្យបានខ្លាំងក្លា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍រាជធានី-ខេត្តចុះណែនាំដល់ពលរដ្ឋលក់ដូរក្នុងតំបន់ទេសចរណ៍ទាំងនោះ កុំតម្លើងថ្លៃទំនិញទេសចរណ៍ កន្លែងស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ចៀសវាងផលប៉ះពាល់អារម្មណ៍ភ្ញៀវទេស ហើយពួកគេនិងពាំនាំពាក្យទាំងនេះតៗគ្នាទៅក្រៅប្រទេសធ្វើឲ្យភ្ញៀវខ្លាចរអា លែងហ៊ានចូលទស្សនាប្រទេសកម្ពុជា។ បន្តពង្រឹងស្តាប់សភាពការណ៍ជនខិលខូចដែលមានបំណងមិនល្អណាមួយដល់ប្រទេសកម្ពុជា ការប្រមូលផ្តុំតាមរយៈទេសចរណ៍ ការលើកបដាប្រឆាំងនេះប្រឆាំងនោះ ការចលនាប្រមូលផ្តុំបដិវត្តពណ៌ ការធ្វើទេសចរណ៍ផ្លូវភេទ ការសេពគ្រឿងញៀន និងជាពិសេសត្រូវតាមដានមើលរាល់សកម្មភាពអ្នកនាំភ្ញៀវ អ្នកបកប្រែបំភ្លៃឯកសារ បំភ្លៃប្រវតិ្តសាស្ត្រជាដើម ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះក៏មានការចែកជូនប្រអប់ពេទ្យសង្គ្រោះបឋម ដល់អង្គភាពទេសចរណ៍ ការិយាល័យទេសចរណ៍រាជធានី-ខេត្ត ចំនួន១០០ប្រអប់ និងផ្តល់ជូនអ៊ូប័រ២គ្រឿងដល់អង្គភាពទេសចរណ៍ខេត្តព្រះសីហនុ ម៉ូតូ៥០គ្រឿងដល់អង្គភាពរាជធានី-ខេត្ត និងរថយន្ត២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនបំរើវិស័យជំនាញឲ្យមានប្រសិទិ្ធភាព ពិសេសការពារភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងសង្ក្រាននាពេលខាងមុខនេះ៕ តាឡឹម


ចែករំលែក៖