ខេត្តកណ្ដាល៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដោយសភាពស្រវឹងស្រាជោកជាំក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យនារីម្នាក់ទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធុនសេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1S-7808 ជិះដោយឈ្មោះ នៅ សុខណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តណ្ដាល (រងរបួសស្រាល) រួមដំណើរជាមួយឈ្មោះ មុំ វត្ថា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រួស ឃុំព្រះរាម ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) ។ ចំណែកជនរងគ្រោះឈ្មោះ ធា ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តណ្ដាល ជិះម៉ូតូម៉ាកZoomerX ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1-GE8050 (រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកជិះម៉ូតូបង្ក ជិះតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើងទៅត្បួង ក្នុងសភាពស្រវឹងស្រាជោកជាំ ដោយល្បឿនលឿននិងពុំមានការប្រុងប្រយ័ត្ននោះទេ ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបង្កបានរេចង្កូតជ្រុលទៅបុកម៉ូតូនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យនារីរងគ្រោះទទួលរងបួសធ្ងន់ រីអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះមកធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ