ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖
«កាលពីឆ្នាំមុនៗ ខ្ញុំបានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ។ ដូច្នេះហើយ បានជាពេលនេះ ខ្ញុំបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។
កាលខ្ញុំប្រកាសពីថ្ងៃអាទិត្យកន្លងទៅនេះ គឺគម្រោងដាក់តែ២ទិសទេ ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមប្រកាសថា យើងបានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃនៅតាមផ្លូវជាតិមួយចំនួនដូចជាៈ
ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។ នៅឆ្នាំក្រោយអាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត។
សូមជូនពរបងប្អូនកូនក្មួយធ្វើដំណើរសុខសប្បាយតាមផ្លូវនៅគ្រប់ទីកន្លែងទូទាំងប្រទេស» ៕