ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ជីវភាព របស់អតីតយុទ្ធជន និងត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈម របស់ពួកគាត់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ។ ការជំរុញ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នាបរិវេណសាលាខេត្តប៉ៃលិន ក្នុងពិធីសំណោះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនខេត្តប៉ៃលិន ក្រោមការចូលរួមពីលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងប្រតិភូអមដំណើរគណៈអធិបតី និងអតិតយុទ្ធជនជាង១០០០នាក់ ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ ចំពោះអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន ដែលបានទទួលនូវគ្រឿងឥស្សរិយសមេដាយការពារជាតិ ដែលសព្វព្រះហឬទ័យព្រះមហាក្សត្រប្រោសប្រទាន ដែលមានស្នាដៃក្នុងការបំរើជាតិមាតុភូមិ ក៏ដូចជាការលើទឹកចិត្ត ដោយសារបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការជាតិមាតុភូមិ ក្នុងសម័យសង្រ្គាមដណ្តើមយកសន្តិភាព ជូនដល់ប្រជាជាតិខ្មែរទាំងមូល និងបាន ផ្តាំផ្ញើឲ្យអាជ្ញាគ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវខិតខំបម្រើសេវាសាធារណៈជូនបងប្អូនអតីតយុទ្ធជន ប្រជាពលដ្ឋឲ្យល្អប្រសើរ ។
ក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរ និង វាយតំលៃខ្ពស់ចំពោះលោក កើត សុធា អភិបាលខេត្តប៉ៃលិន និងឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រធានស្តីទីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន ដែលបានដឹកនាំសមាគមអតីតយុទ្ធជន ហើយទទួលបានស្នាដៃល្អ ក្នុងការងារ ជាមួយ និងសកម្មភាពមមាញឹកដូចភ្លៀងរលឹម ចុះសួរសុខទុក្ខអតីតយុទ្ធជន ព្រមទាំងនាំយកសម្ភារៈ ថវិការ និងគ្រឿងឧបភោគបរិភោគជូន ដល់អតីតយុទ្ធជនតាមមូលដ្ឋាន ។
នាយឧត្តមសេនីយ៍ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍បន្តថា៖ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតលើគ្រួសារអតីតយុទ្ធជនកម្ពុជា ដោយមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណា រងទុក្ខវេទនា និងជួបការលំបាក ដោយពុំបានដឹងលឺ ពីសំណាក់អាជ្ញាធរនោះឡើយ ហើយជាមួយការងារនេះដែរសម្តេចតេជោ ក៏បានស្នើរសុំ ទៅព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយស ការពារជាតិ មានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ជូនដល់អតីតយុទ្ធជនយើងផងដែរ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ខិតខំបន្តចុះជួបស្វែងយល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជនតាមគ្រួសារនីមួយៗហើយរិះរកគ្រប់លទ្ធភាពជួយដោះស្រាយទុក្ខកង្វល់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រមទាំងអំពាវនាវ ដល់ថ្នាក់ដឹកនាំស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា សូមជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់អតីតយុទ្ធជនក្រីក្រដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលកំពុងត្រូវការចាំបាច់នូវជម្រកស្នាក់នៅ ព្រោះអតីតយុទ្ធជន ត្រូវបានចាត់ទុកជាអ្នកមានស្នាដៃដ៏ធំធេង សម្រាប់បុព្វហេតុជាតិមាតុភូមិ រំដោះប្រទេសចេញពីភ្លើងសង្គ្រាម និងសាងសុខសន្តិភាពជូនជាតិមាតុភូមិមកដល់ពេលបច្ចុប្បន្ននេះ ។ សូមបញ្ជាក់ថានៅក្នុងកម្មវិធីខាងលើ គណៈអធិបតី ក៏បានចែកនូវថវិកា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ,ក្នុង ម្នាក់ៗទទួលបានថវិកា៥ម៉ឺុនរៀលជូនដល់អតីកយុវជន៕ ស សារ៉េត