ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ​ស្រ្ដីចំណាស់ម្នាក់បានស្លាប់ និង២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ម្ដុំទល់មុខ អធិការដ្ឋាននគរបាល ក្នុងភូមិ ត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌុបគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងមកជើង ចំណែករ៉ឺម៉ក​ជិះពីជើងមកត្បូង យកទឹកកកមកដាក់ឲ្យតូបលក់ចាប់ហួយ រួចក៏ចេញមកវិញ​បត់រ៉ឺម៉កលើថ្នល់ទៅជើងវិញ គាប់ជួនម៉ូតូមកដល់បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដង ដោយ អ្នកបើកបរម៉ូតូ ឈ្មោះ ឈន ភីន ភេទប្រុស អាយុ ២៩ឆ្នាំ អ្នករួមដំណើរ ឈ្មោះ​​ភឹម គឿន អាយុ ៥៥ឆ្នាំ ត្រូវជាម្ដាយស្លាប់នៅកន្លែងកើតហេតុ​ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ​ ឈរ យឿន អាយុ១៤ឆ្នាំ​ ត្រូវជាប្អូនស្រី​ របួសធ្ងន់ អ្នកទាំង៣ រស់នៅក្នុងភូមិ ក្រសាំង ឃុំ ពពក ស្រុកស្ទោង ​ខេត្ត កំពង់ធំ​ បានជីះម៉ូតូម៉ាក សង C125 ពណ៌ខ្មៅ ពាក់ស្លាក​លេខ 1E 6858 ឌុបគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បានបុកគ្នាពេញទំហឹង ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកទឹកកក ។

ចំណែក អ្នកបើកបរម៉ូតូរ៉ឺម៉ក ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះម៉ូតូ ម៉ាក វេវ​ ពណ៍ក្រហម គ្មាន ស្លាកលេខ ឈ្មោះ អេន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិ ចក ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្តកំពង់ធំ​ រងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូលជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋានស្រុកស្ទោង សាកសពប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕​ ប៊ុន​រិទ្ធី

 


ចែករំលែក៖