ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌ៧មករា បានបញ្ជូនខ្លួន ប្ដីប្រពន្ធ ២នាក់ជាជាតិនីហ្សេរីយ៉ា ទៅកាន់តុលាការពាក់ព័ន្ធករណី ឆបោក ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១.ឈ្មោះ ISAAC CHIBUNNA ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរ ពាណិជ្ជករ និងទី២-ឈ្មោះ ISAAC REJOICE CHIBUNNA ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរពាណិជ្ជករ ទាំង២នាក់ស្នាក់នៅផ្ទះលេខ1E ផ្លូវលំ (3C) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មានករណី ឆបោកតាមប្រព័ន្ធ Electronic នៅចំណុចធនាគារ FTB ដែលមានទីតាំងលេខ៣៣CD តាមបណ្ដោយផ្លូវ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឡើងដោយជនសង្ស័យទាំង២នាក់ខាងលើ ។ លុះដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងបានកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីតែម្ដង ៕ ជ្រោយពេជ្រ