ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបបានថ្លែងអោយដឹង ថា កម្មវិធីសង្ក្រាន្តស្វាយរៀង រយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្តជាង ២២ម៉ឺននាក់ ។
អភិបាលរងខេត្តបានបន្តថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព រហូតមកដល់ថ្ងៃនេះ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ព្រោះកម្លាំងសមត្ថកិច្ចនៅចាំការពារសន្តិសុខបានយ៉ាងល្អ មានកន្លែងផ្តល់ព័ត៌មានអំពីការងារសន្តិសុខ ដូចជា ផ្តល់លេខទូរស័ព្ទទំនាក់ទំនងទៅសមត្ថកិច្ច ក្នុងពេលមានករណីលួចឆក់កើតឡើង ពោលធ្វើយ៉ាងណាឲ្យសង្ក្រាន្តស្វាយរៀង ប្រព្រឹត្តទៅមានភាពសប្បាយរីករាយ។
គួររំឭកឡើងថា កាលពីឆ្នាំ២០១៧ មានអ្នកចូលរួមលេងកម្សាន្តសង្ក្រាន្តស្វាយរៀង ប្រមាណជិត ១០ម៉ឺននាក់ ប៉ុណ្ណោះ។
គូរបញ្ជាក់ថា ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង គឺមានតែក្មេងពីរនាក់ប៉ុណ្ណោះបានវង្វេងម្តាយ តែក្រុមការងារបានជួយរកឲ្យជួបម្តាយកូនវិញហើយដែរ ។
អភិបាលរងខេត្តរូបនេះ បានបង្ហាញនូវមោទនភាពនៃការសាមគ្គីគ្នារវាងខ្មែរ នឹងខ្មែរ ដែលបាននាំមកភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងនេះ មានការលេងល្បែងប្រជាប្រិយជាច្រើន និងមានការប្រគំតន្ត្រីរាំលេងកម្សាន្ត ជាពិសេសមានការបាញ់ទឹក ហើយនៅតំបន់ត្រជាក់ចិត្តខាងមុខសាលាខេត្ត អាជ្ញាធរបានរៀបចំដាក់ពាងទឹក សម្រាប់ប្រជាពលរដ្ឋលេងផងដែរ ។
នេះជាលើកទី២ហើយ ដែលអាជ្ញាធរខេត្តស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានបង្កើតកម្មវិធីសង្ក្រាន្តស្វាយរៀង និងមានការរៀបចំស្តង់តាំងពិព័រណ៍ទំនិញក្នុងស្រុក ដែលជាការផលិតពីស្នាដៃកូនខ្មែរពិតៗ៕ យឹម សុថាន