ព័ត៌មានទាន់ហេតុការណ៍៖

ជិះរថយន្តទំនើបទៅលេងចូលឆ្នាំ ដល់កណ្តាលផ្លូវឆ្លងចរន្តឆេះម៉ត់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ រថយន្តឡិចស៊ីសពណ៌សមួយគ្រឿង ខណៈម្ចាស់កំពុងបើកបរសុខៗ ស្រាប់ឆ្លងចរន្ត ឆេះម៉ត់គ្មានសល់ ម្ចាស់បានត្រឹមតែចុះពីលើរថយន្តដោយព្រលឹងចុងសក់ សម្លឹងមើលអគ្គិឆេះរថយន្តរបស់ខ្លួនទាំងញ័ររន្ធត់រួចទុករថយន្តនេះចោលឡើងជិះរថយន្តមួយគ្រឿងទៀតទៅបាត់។

ឧប្បត្តិហេតុអាក្រក់នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៨ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរទី២ ខណៈបើកបរតាមដងផ្លូវយុទ្ធសាស្ត្រក្រាលក្រួសក្រហមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។ ម្ចាស់រថយន្តឈ្មោះ ឡៃ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរស្រុកបន្ទាយអម្ពឹល បានឱ្យដឹងថា នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ កងកម្លាំងនគរបាលបានចេញល្បាតនៅគ្រប់គោលដៅ ខណៈមកដល់សំណុចខាងលើក៏បានប្រទះឃើញរថយន្តឡិចស៊ីស ពណ៌សគ្មានស្លាកលេខ មួយគ្រឿងត្រូវ អគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយពេលនោះកម្លាំងសមត្តកិច្ចបានសហការគ្នា ជួយពន្លត់ភ្លើងដែរ តែពន្លត់មិនឈ្នះ ព្រោះគ្មានទឹកច្រើន ធ្វើឲ្យអគ្គិភ័យបានលេបត្របាក់រថយន្តមួយគ្រឿងនេះនៅ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណ។ ចំណែកម្ចាស់រថយន្ត និងអ្នករួមដំណើ៥នាក់ ស្រី២ នាក់ ដែលមានបំណងទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំ បានត្រឹមព្រលឹងនៅចុងសក់ និងហួសចិត្ត ក៏នាំគ្នា ឡើងជិះរថយន្តមួយគ្រឿងផ្សេងទៀតត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ ៕ សហការី


ចែករំលែក៖