ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៥ខ្នង ត្រូវបានដួលរលំបើងរាបដល់ដី ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពី ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង២០នាទីរសៀល នៅភូមិទូលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ។
យោងតាមអាជ្ញាធរស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ផ្ទះរងគ្រោះទាំង៥នាក់ មានឈ្មោះ គឹម ណាត ភេទស្រី អាយុ៦៧ឆ្នាំ ដោយរលំផ្ទះ១ខ្នង មានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងសង្កសី ដំបូលប្រក់សង្កសី ខូចខាតទាំងស្រុង,ទី២ មានឈ្មោះ ទិត ហន ភេទប្រុស អាយុ៣២ឆ្នាំ ដោយរលំផ្ទះ១ខ្នង សង់ធ្វើអំពីឈើទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ជញ្ជាំងសង្កសី ដំបូលសង្កសី និងខូចម៉ូតូ១គ្រឿង ម៉ាកស្មាសផងដែរ, ទី៣ មានឈ្មោះ ភោគ រិន ភេទស្រី អាយុ៤០ឆ្នាំ រលំផ្ទះតៀម១ខ្នង ទំហំ៣ម៉ែត្រ គុណនឹង៤ម៉ែត្រ ខូចខាតទាំងស្រុង,ទី៤ឈ្មោះ សយ ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ដោយផ្ទះតៀម ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ របើកដំបូលយ៉ាងដំណំ និងទី៥ មានម្ចាស់ឈ្មោះ ខាន់សាបាន ភេទប្រុស អាយុ៤៣ឆ្នាំ ដោយផ្ទះតៀម ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ របើកដំបូល យ៉ាងដំណំ ។
ប្រភពបន្តថា ខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ ៕ យឹម សុថាន