ព័ត៌មានទាន់ហេតុការណ៍៖

មមាចមិនទាន់ស្គាល់ភ្លើង អួតអាងសុទ្ធតែ«ស៊ីឈ្នួលសម្លាប់មនុស្ស» ទាល់តែប៉ូលិសអូសទៅអប់រំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់មាន Account Facebook ឈ្មោះ «Meng Hour» ដែលបានបង្ហោះនៅលើ Facebook របស់ខ្លួនថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ត្រូវបានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ធំឃាត់ខ្លួន នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​ រួចបញ្ជូនទៅកាន់មន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្ត ដើម្បីសួរនាំ ។

បើតាមមន្ដ្រីកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ថា យុវជនខាងលើនេះ មានឈ្មោះ ហ៊ីម សុខហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ក្នុងពេលសួរចម្លើយនោះ យុវជនខាងលើ បានសារភាពថា ខ្លួនបាន Share យករូបគេ កាន់កាំភ្លើងយកមកបង្ហោះ ហើយសរសេរថា «ស៊ីឈ្នួលសម្លាប់មនុស្ស» គ្រាន់តែចង់បង្អួតមិត្តភក្តិ តែប៉ុណ្ណោះ តាមពិតពុំមានកាំភ្លើងអ្វីឡើយ ។

ក្រោយពីបានសួរនាំរួចរាល់ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានអប់រំ និងអនុញ្ញាតឲ្យយុវជនខាងលើវិលត្រឡប់ទៅលំនៅឋានវិញ៕ ប៊ុន រិទ្ធី


ចែករំលែក៖