ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត ខណៈដែលមានម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវរថយន្តបែនដឹកដីមកបញ្ច្រាសទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសជាប្តីរងរបួសធ្ងន់ រួមទាំងម្ចាស់ផ្ទះលក់អីវ៉ាន់ម្នាក់ទៀត រងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១-១៤២ ភូមិកណ្តៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-6228 បើកបរដោយឈ្មោះ លី សាបាន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) និងមានអ្នករួមដំណើរជាប្រពន្ធឈ្មោះ សួស សំអី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ទាំង២នាក់នេះ រស់នៅភូមិជប់ ឃុំកណ្តៀរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង (មិនពាក់មួក) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅបង់លុយធនាគារ ។
ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ម៉ូតូឆ្លងថ្នល់ ស្របពេលនោះ រថយន្ត១គ្រឿង ម៉ាក Hyunday ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0517 បើកបរពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកចំពីចំហៀងម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហើយរថយន្តនោះមិនទាន់អស់ល្បឿន ក៏បន្តទៅបុកសំយ៉ាបផ្ទះលក់ឥវ៉ាន់នៅខាងត្បូងផ្លូវ បណ្តាលឲ្យឈ្មោះ ម៉ែន សោភ័ណ្ឌ ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើរងរបួសស្រាល ។
ប្រភពព័ត៌មានបន្តថា ក្រោយពីបង្កហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ចំណែកអ្នករងរបួសទាំងអស់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយទាប ប៉ុន្តែដោយរបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង តែជាអកុសល ស្ត្រីដែលរួមដំណើរតាមម៉ូតូជាមួយប្តីបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកបុរសជាប្តីកំពុងសង្គ្រោះបន្ទាន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕ យឹម សុថាន