ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ​ចុះសួរសុខទុក្ខ និងឈ្វេងយល់ពីបញ្ហាសុខភាពរបស់អតីតយុទ្ធជន និងគ្រួសារនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានជំរុញថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ និងឈ្វេងយល់ពីសុខភាព ជីវភាព របស់អតីតយុទ្ធជន និងគ្រួសារឲ្យបានជាប្រចាំ ហើយពិនិត្យជួយអន្តរាគមន៍ដោះស្រាយបញ្ហា​ឲ្យបានទាន់ពេលវេលា ។

ការថ្លែងជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុង​ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុករលាប្អៀ និងក្រុងកំពង់ឆ្នាំង សរុប​៨៥៧​នាក់ ដោយមានការចូលរួមពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន​កិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។​

ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក​ និងជូនពរឆ្នាំថ្មី​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនទូទាំង​ខេត្ត នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើង​ពីវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ឥតស្តាយស្រណោះ របស់អតីតយុទ្ធជន​គ្រប់ជំនាន់ ដែលបានធ្វើឲ្យប្រជាជនរស់នៅ​ដោយសុខសាន្ត ហើយក្រោមនយោបាយឈ្នះ​ឈ្នះ ធ្វើឲ្យប្រទេសជាតិ​ទទួលបានសុខ សន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់​ដូចសព្វថ្ងៃ​។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ​ការបំពាក់គ្រឿងឥស្សរិយសការពារជាតិ​នាពេលនេះ ជាការផ្តល់កិត្តិយសយ៉ាងសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង របស់វីរអតីតយុទ្ធជន​កម្ពុជាយើង ដែលបានពលី ពិការ ឬបាត់បង់សមត្ថភាពការងារ ដើម្បីបុព្វហេតុការពារជាតិ ការពារមាតុភូមិ និងប្រជាជន​។

​ជាមួយគ្នានោះ យោធិនពិការ ម៉ូ សឿន អាយុ៥៤​ឆ្នាំ អតីតអនុប្រធាន ខ យោធាស្រុករលាប្អៀ បានសម្តែងទឹកចិត្តរំភើបរីករាយ ដែលទទួលបានមេដាយថ្នាក់សំរិទ្ធ នាពេលនេះ ហើយក្នុងនាមអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេ ដែលបានផ្តល់កិត្តិយស និងប្ដេជ្ញា​គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី​៦ និងអាណត្តិបន្តបន្ទាប់ទៀត និងធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ​ជារៀងរហូត៕


ចែករំលែក៖