ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនមិនប្រកាន់ស្ដាំបុកម៉ូតូរ៉ឺម៉កកង់បីរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូមិនប្រកាន់ស្ដាំ បុកជាមួយម៉ូតូកង់បី ទិសដៅបញ្ច្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុច ភូមិព្រែករមៀត ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ប្រុញ ចន្ថន អាយុ១៩ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ រៃ ញាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដោយជិះម៉ូតូម៉ាក YAMAHA ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ចំណែកជនរងគ្រោះម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឡេ ភឿង ជនជាតិវៀតណាម អាយុ៥១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិចេកមាស ឃុំបៀនយឺយ ស្រុកចូវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម ចំពោះម៉ូតូកង់បីម៉ាក DayunC150 ពណ៌ក្រហម គ្មានស្លាកលេខ ។

តាមប្រភពអ្នកភូមិដែលឃើញហេតុការណ៍នឹងភ្នែកបានឲ្យដឹងថា មុនដំបូងឃើញបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក YAMOHA ស៊ីរូស គ្មានស្លាកលេខ ដោយធ្វើដំណើរពីទិសខាងត្បូងទៅជើងមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូកង់បី ដែលជិះពីទិសខាងជើងមកត្បូងបញ្ច្រាសគ្នាក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ភ្លាមផងដែរ។

ក្រោយមក សមត្ថកិច្ចបានបញ្ជូនបុរសទាំង៣នាក់មកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងអូសយកវត្ថុតាងម៉ូតូ និងម៉ូតូកង់បីមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖