ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវជំរុញមន្រ្តីពាក់ព័ន្ធត្រូវទប់ស្កាត់ការផលិតស្ករត្នោតកែច្នៃ និងសាច់ត្រីប្រហុកនាំចូលពីវៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែង ទៅកាន់ ក្រុមអាជីវករ មន្រ្តីពាក់ព័ន្ធទាំង អស់អំពីបញ្ហាស្ករត្នោតក្លែងក្លាយនៅស្រុក បាទី និងបញ្ហាផលិតសាច់ត្រីប្រហុកមានដាក់សារធាតុគីមីនៅស្រុកទ្រាំង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទស្ករត្នោតធម្មជាតិ របស់ខ្មែរ និងបង្កផលប៉ះពាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោកអភិបាលខេត្តមានប្រសសន៍ថា បញ្ហាទាំងនេះវាបានធ្វើឲ្យប៉ះពាល់ដល់ មុខមាត់របស់ខេត្តតាកែវរបស់យើង ព្រោះ ពេលកន្លងមកស្ករត្នោត៤៣ទីតាំងនៅស្រុកបាទីដែលអាជ្ញាធរបានបិទ ប៉ុន្តែឥឡូវនេះ មានលេចឮព័ត៌មានថាលួចបើកឡើង វិញ។ ដូច្នេះមន្រ្តីនៃមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ព្រមទាំងមន្រ្តីជំនាញកាំកុងត្រូល ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវតាមដានកុំឲ្យបញ្ហាទាំងអស់នេះកើតឡើងទៀត ។

លោក អ៊ូច ភា លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសម្ពោធដាក់តាំងពិព័រណ៍ពាណិជ្ជកម្មទំនិញផលិតផលនានាជាសក្ដានុពលខេត្តតាកែវ និងផលិតផល នាំចូលពីបរទេស នាព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨នេះ។ លោកអភិបាលខេត្តបានប្រាប់ទៅមន្រ្តីជំនាញទាំងអស់ជាពិសេសអាជ្ញាធមូលដ្ឋានត្រូវធ្វើការទប់ស្កាត់ឲ្យបានជាដាច់ខាតចំពោះការលួចផលិត ស្ករត្នោតក្លែងក្លាយនៅស្រុកបាទី និងលួច ផលិតប្រហុកមានសារធាតុគីមីនៅស្រុក ទ្រាំង ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបន្ថែមថា ផលិតផលកែច្នៃក្លែងក្លាយ ទាំងអស់នេះវាបានសម្លាប់ ប្រជាពលរដ្ឋ យើងដោយ​ប្រយោល​តែម្ដង បើយើងមិន ចាត់វិធានការតឹងរឹុងទេនោះ ។ យើងជាមន្រ្តីរាជការត្រូវតែបម្រើប្រជាពលរដ្ឋ ការពារ ប្រជាពលរដ្ឋ និងទប់ស្កាត់ឲ្យបានជាដាច់ខាតចំពោះការលួចផលិតទំនិញ ដែលមាន សារធាតុកគីមីប៉ះពាល់ដល់សុខភាពរបស់ ប្រជាពលរដ្ឋ ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវក៏បានព្រមានចំពោះមន្រ្តីខិលខូចមួយចំនួនដែលបានស៊ុមគ្រលំុឃុបឃិតជាមួយក្រុមឈ្មួញខិលខូចព្រោះតែលាភសក្ការៈនោះត្រូវដកខ្លួនជាបន្ទាន់បើមិនចង់ឲ្យមាន បញ្ហា។ យើងនឹងមិនអត់ឱនឲ្យដាច់ខាត ចំពោះមន្រ្តីខិលខូចទាំងឡាយណាដែល លួចស៊ុំគ្រលុំ ជាមួយឈ្មួញខិលខូច ។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា មន្រ្តីទាំងអស់នេះនឹងប្រឈមមុខចំពោះផ្លូវ ច្បាប់ប្រសិនបើយើងស្រាវជ្រាវរកឃើញថាបានប្រព្រឹត្តអំពើខុសច្បាប់មែននោះ ៕ ហេង សូរិយា


ចែករំលែក៖