កាលពីថ្ងៃទី២៤ ខែមេសា មានការវាយប្រហារគ្រាប់បែកអត្តឃាតទៅលើកម្លាំងប៉ូលិសប៉ាគីស្ថាន ដែលកំពុងយាមល្បាតនៅទីក្រុង Quetta បណ្តាលឲ្យប៉ូលិស៦នាក់ស្លាប់ និង១៥នាក់រងរបួស។
លោក Mosxxsm Jah Ansari បានប្រកាសឲ្យដឹងថា ភេរវករបានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងខ្លួន នៅជិតរថយន្តដឹកប៉ូលិស។ ភ្លាមៗនោះប៉ូលិសក៏បានបាញ់ទៅលើជនភេរវករផ្សេងទៀត ធ្វើឲ្យភេរវករម្នាក់ទៀតបំផ្ទុះអត្តឃាតតែម្តង។
រយៈពេល៣០នាទីក្រោយការវាយប្រហារមានភេរវករ២នាក់បានព្យាយាមវាយប្រហារទៅលើទីតាំងត្រួតពិនិត្យសន្តិសុខនៅជាយក្រុង ប៉ុន្តែប៉ូលិសរារាំងដោយផ្ទុះអាវុធដាក់គ្នាជាច្រើនគ្រាប់ទៀតផង។
មកទល់នឹងពេលនេះ មិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ ។
ការវាយប្រហារខាងលើកើតឡើងក្រោយពេលមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ទៅ៥៨នាក់ និង១១៩នាក់រងរបួស ក្នុងពេលពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី២៣ ខែមេសា។ ការវាយប្រហារខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រុមភេរវកម្ម IS បង្វែរគោលដៅទៅលើប្រទេសទាំងពីរវិញ ក្រោយពេលដែលទីតាំងនៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់ត្រូវបាត់បង់៕ ម៉ែវ សាធី