ភ្នំពេញ៖ កម្ពុជានិងចិនបានចុះហត្ថលេខា លើឯកសារប្រគល់និងទទួលឧបករណ៍ មន្ទីរពិសោធន៍សម្រាប់វិទ្យាស្ថានធនធាន ទឹកនៅកម្ពុជាចំនួន៦៤ ប្រភេទនៅថ្ងៃនេះ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនាថ្ងៃ ២៥មេសា បន្ទាប់ពីលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកលូ គុយហ្វា (H.E. LU GUIHUA) អនុរដ្ឋមន្ត្រីក្រសួងធនធាន ទឹកសាធារណរដ្ឋប្រជាមានិតចិនចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ រួចមក។
ក្នុងពិធីនោះ លោកលឹម គានហោ បាន ថ្លែងអំណរគុណចំពោះភាគីចិន ដែលជា និច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការ អភិវឌ្ឍនៅកម្ពុជានិយាយរួមលើការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។
លោក លូ គុយហ្វា ក៏បានលើកឡើងដែរ ថា ក្នុងនាមជាបងប្អូន ប្រទេសចិនតែងតែគិតគូរនិងជួយជម្រុញជានិច្ចឱ្យកម្ពុជាមានការរីកលូតលាស់ ។
ក្នុងពិធីនោះដែរ លោកលឹម គានហោ ក៏បានថ្លែងអំណរគុណផងដែរដែលកន្លងមកភាគីចិន បានជួយបណ្ដុះបណ្ដាលមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមអំពីការងារគ្រប់គ្រងធនធានទឹកអាងទន្លេ និងការងារធ្វើផែនការស្រោចស្រពកសិកម្មជាដើម។
ទាក់ទងនឹងការសិក្សាប្លង់មេស្តីពីផែនការគម្រោងធនធានទឹកនៅកម្ពុជា លោក បន្តថា កន្លងមកភាគីទាំងពីរកម្ពុជាចិន ក៏ធ្លាប់បានសិក្សារួមគ្នារួចមកហើយដែរ ដោយយើងរកឃើញប្រភពទឹកលើដីសំខាន់ៗមានដូចជាប្រភពទឹកទី១ គឺមកពីទន្លេមេគង្គ ប្រភពទឹកទីពីរគឺមកពីទន្លេ ស្ទឹង បឹងបួ នៅជុំវិញបឹងទន្លេសាប និងប្រភពទឹកទី៣ គឺទឹកភ្លៀង។
ក្រៅពីលើកឡើងពីគម្រោងយុទ្ធសាស្ត្រ សំខាន់ៗពាក់ព័ន្ធនឹងការងារធនធានទឹកនៅកម្ពុជា ភាគីទាំងពីរក៏បានប្ដេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងប្រសើរថែមទៀតផងដែរ៕ ហេង សូរិយា