ព័ត៌មានទាន់ហេតុការណ៍៖

ច្រករបៀងដើមអម្ពិលបើកឲ្យពលករចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រោយបុណ្យចូលឆ្នាំថ្មីហើយគេឃើញពលករចំណាកស្រុកខុសច្បាប់សម្រុកចេញតាមច្រករបៀងនិងកំពុងដេករង់ចាំរថយន្តមេខ្យល់ថៃមកទទួលយកទៅធ្វើការកាលពីថ្ងៃ១០កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ស្ថិត ច្រករបៀងខុសច្បាប់ដើមអម្ពិល ក្នុងភូមិ សង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

ពលករចំណាកស្រុកដោយខុសច្បាប់ ទៅតាមរយៈមេខ្យល់បានសម្រុកចេញ​តាម​ច្រករបៀងខុសច្បាប់ (ដើមអម្ពិល) ដែលគ្រប់គ្រងដោយកម្លាំងយោធាតំបន់ប្រតិបត្តិការស្រុកម៉ាឡៃ ពលករចំណាក ស្រុកកំពុងដេកតាមព្រៃចម្ការប្រមាណជិត១០០នាក់ ដែលរង់ចាំរថយន្តមេខ្យល់ថៃ មកទទួលពេលយប់ចេញទៅរកការងារធ្វើនៅទីក្រុងបាងកកប្រទេសថៃ។

ការលួចបើកច្រករបៀងខុសច្បាប់មិនគោរពតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់វិធានការដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនចូលលុបបំបាត់ច្រករបៀងល្មើស ច្បាប់បើមានលួចបើកអនាធិបតេយ្យតំបន់ ណាតំបន់នោះទទួលខុសត្រូវចំពោះមុខ ច្បាប់។

ជាក់ស្តែងក្រោយថ្ងៃបុណ្យឆ្នាំថ្មីហើយ រយៈពេលប៉ុន្មានថ្ងៃនេះឃើញមានប្រជា ពលរដ្ឋខ្មែរជាពលករចំណាកស្រុកខុស ច្បាប់តាមរយៈមេខ្យល់ឃើញសកម្មដេក កណ្តាលព្រៃប្រឈមគ្រោះថ្នាក់ចេញរាល់ថ្ងៃយប់តាមច្រករបៀងល្មើសច្បាប់ដែល គ្រប់គ្រងដោយកម្លាំងយោធាខេត្ត ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានព្រំដែនកម្ពុជា-ថៃ ប្រវែងជាង១៥៣ គីឡូម៉ែត្រ ហើយមានជាប់៥ស្រុក ក្រុង មួយរួមមានៈ ១.ស្រុកម៉ាឡៃ ២.ស្រុកអូរ ជ្រៅ ៣.ក្រុងប៉ោយប៉ែត ៤.ស្រុកស្វាយ ចេក ៥.ស្រុកថ្មពួក។ បើតាមរបាយការណ៍អភិបាលខេត្តបន្ទាយមានជ័យចាស់ ច្រក របៀងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៣កន្លែង៕ ហេង នរិន្ទ្រ


ចែករំលែក៖