ព័ត៌មានទាន់ហេតុការណ៍៖

ភិន សុដាលីស ជឿជាក់លើរឿង “ផ្លូវមរណៈ” ទោះជួបជាសុវណ្ណនរាហ៍លើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ជាលើកដំបូងដែលតារាសម្តែងប្រុស ជា សុណ្ណនរាហ៍ បានសម្តែងរូមគ្នា ជាមួយភិន សុដាលីស ក្នុងរឿង”ផ្លូវមរណៈ”។ ភិន សុដាលីសហាក់បង្ហាញជំនឿជឿជាក់ច្រើ់នថាភាពយន្តនេះនឹងទទួលបានការគាំទ្រនឹងរសជាតិសម្តែងរួមគ្នាថ្មី រវាងពួកគេទាំងពីរបើទោះបីជាវាគឺជាជំនួបលើកទីមួយក្តី។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលផលិតកម្ម មហាហង្ស បានប្រកាសដាក់បញ្ចាំងភាពយន្តខ្នាតធំថ្មីរឿង”ផ្លូវមរណៈ” ជាផ្លូវការហើយកាលពីរាត្រី ថ្ងៃទី០៧ខែឧសភានេះនៅរោងភាពយន្តMajor Cineplex ផ្សារទំនើបសូរិយា។

ភិន សុដាលីសនិយាយថា ភាពយន្តនេះកាន់តែប្លែកទាំងបច្ចេកទេសថត ដឹកនាំសម្តែង និងបច្ចេកទេសផ្នែកកាត់តកាន់តែទំនើប ដែលនឹងធ្វើឲ្យភាពយន្តនេះមានគុណភាព។នាងបញ្ជាក់ថាភាពយន្តនេះកាន់តែប្លែកខុសពីរឿងមុនៗដោយមានសាច់រឿងទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិចនិងឈុតឆាកពិសេសៗជាច្រើនដែលនឹងមិនធ្វើអោយទស្សនិកជនខកបំណងឡើយ។អ្នកនាងបន្តថា អ្វីដែលនាងគិតថាជាភាពយន្តទាក់ទាញការចាប់អារម្មណ៍គឺអ្នកដឹកនាំផលិតមានបទពិសោធន៍ល្អ សាច់រឿងថ្មីប្លែក ហើយក៏ជាភាពយន្តដំបូងដែលនាងសម្តែងរួមជាមួយតារាប្រុស លោក ជា សុវណ្ណនរាហ៍។ តារាស្រីកូនមួយរូបនេះលើកឡើងដែរថា ទោះជួបគ្នាលើកដំបូងក្តីក៏នាងនិង តារាប្រុសរូបនេះសម្តែងរួមគ្នាហាក់ត្រូវគ្នាខ្លាំង ហើយបើទោះបីជាជួបការលំបាកខ្លះក៏ទាំងសិល្បករ និងផលិតករបានរួមគ្នាផលិតដោយជោគជ័យ ។

លោកអ៊ិនសុភិនអគ្គនាយកផលិតកម្មមហាហង្ស បានលើកឡើងថា ភាពយន្តនេះផលិតកម្មលោកបានបញ្ចេញខ្ទង់ចំណាយច្រើនជាងភាពយន្តមួយចំនួនកន្លងមក ដើម្បីធ្វើឲ្យភាពយន្តនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្ពស់ពីទស្សនិកជន។ លោកបញ្ជាក់ដែរថាផលិតកម្មនៅតែបន្តបញ្ចេញស្នាដៃថ្មីជាបន្តបន្ទាប់ និងបង្កើនគុណភាពផលិតភាពយន្តឲ្យកាន់តែខ្ពស់ ដើម្បីឲ្យភាពយន្តខ្មែរក្លាយជាភាពយន្តមានគុណភាពអាចទាក់ទាញអារម្មណ៍ទស្សនិកជនកាន់តែច្រើន ។ លោកថាភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី១០ខែឧសភានេះ ហើយលោករំពឹងដែរថាទស្សនិកជននឹងគាំទ្រស្នាដៃភាពយន្តថ្មីមួយនេះ៕ វឌ្ឍនា


ចែករំលែក៖