លោក Paul Lambert អ្នកចាត់ការទូទៅក្លិប Stoke City បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថាក្រុមរបស់គាត់នឹងវិលត្រឡប់មកកាន់ក្របខ័ណ្ឌអង់គ្លេសPremier Leagueវិញភ្លាមៗជាក់ជាមិនខាន។
ការលេង១០រដូវកាលនៅ Premier League របស់ក្រុម Stoke City ត្រូវបានបញ្ចប់ បន្ទាប់ពីចាញ់ក្នុងទឹកដីខ្លួនឯងទល់នឹង Crystal Palace ១-២។ក្រោយបរាជ័យ Stoke មាន៣០ពិន្ទុ និងនៅសល់១ប្រកួតទៀតប៉ុណ្ណោះក្នុងដៃ ហើយជាក្រុមបាតតារាង ខណៈដែល Southampton និង Swansea ដែលនឹងត្រូវប៉ះគ្នានៅប្រកួតចុងក្រោយ ក្នុងចំណោមក្រុមទាំងនោះសុទ្ធតែមានពិន្ទុនាំមុខក្រុមរបស់លោក Paul Lambert ។
គួរបញ្ជាក់ថា Stoke ចាប់ផ្ដើមរដូវកាលយ៉ាប់មែនទែន ស្ទើរតែមិនដែលស្គាល់ពាក្យថាឈ្នះ។ ការសម្រេចចិត្តបណ្តេញគ្រូបង្វឹកគឺលោក Mark Hughes ត្រូវអូសបន្លាយពេលរហូតដល់ខែមករា ហើយនៅពេលប្តូរមកគ្រូបង្វឹកបច្ចុប្បន្ន លោក Paul Lambert ក្រុម Stoke ស្គាល់ពាក្យឈ្នះតែម្តងគត់ក្នុងចំណោមការដឹកនាំ១៤ប្រកួតរបស់គ្រូបង្វឹកថ្មី ៕