ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅក្នុងឃុំ៣ នៅស្រុករមាសហែក ត្រូវបានដួលរលំ រងការខូចខាតដោយសារមានគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បោកបក់កាលពី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំ ជ្រៃធំ ឃុំម្រាម និងឃុំត្រពាំងស្ដៅ ។
យោងតាមលោកសួងម៉ាក់ អភិបាលរងស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋចំនួន ០៣ ឃុំ ស្មើ០៣ ខ្នងផ្ទះរួមមាន៖
ទី១ ម្ចាស់ផ្ទះដែលរងការខូចខាតដួលរលំមានឈ្មោះ ពោច តូ ភេទស្រី អាយុ៣២ឆ្នាំ ស្ថានភាពគ្រួសារ ជាស្ត្រីមេម៉ាយ រស់នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក ជាប្រភេទផ្ទះឈើ ដំបូលសង្ក័សី ជញ្ជាំងស័ង្កសី និងស្លឹក ផ្ទះលោតទំលាក់ចេញពីជើងកំណល់ រីឯស្រូវ និងអង្ករខ្ចាត់ខ្ចាយអស់ខូចខាត៦០ភាគរយ។
ទី២ ម្ចាស់ផ្ទះមានឈ្មោះ យិន សាត អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងម្នង ឃំុម្រាម ស្រុករមាសហែក បណ្ដាលឲ្យ ដំបូលសង្ក័សីចំនួន១០សន្លឹក ផ្ទះទំហំ ៦.៥០ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីខូចខាតយ៉ាងដំណំ ។
ប្រភពបន្តថា ចំណែកម្ចាស់ផ្ទះទី៣ មានឈ្មោះ ប៉ែន កុក ភេទ ស្រី អាយុ68ឆ្នាំ មុខរបរកសិករ នៅភូមិទួលក្រូច ឃុំត្រពាំងស្តៅ ស្រុករមាសហែក ដោយផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងស្លឹក មានទំហំបណ្ដោយ៥ម៉ែត្រគុណទទឹង៤ម៉ែត្រ បណ្តាលឲ្យដួលរលំបាក់ទាំងស្រុងផងដែរ ។
ចំពោះគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់នេះ មិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕ យឹម សុថាន