ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនបន្តទៅកាន់ប្រទេសចិនដោយស្ងាត់ៗ?

ចែករំលែក៖

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី ៨ខែឧសភា បានដកស្រង់ ប្រភពព័ត៌មាន ពីមន្ត្រីការបរទេសជាន់ខ្ពស់ម្នាក់ដោយឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េ ខាងជើង បានបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង ដាលៀន (Dalian) ប្រទេសចិន ដោយយន្តហោះ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលនេះកើតឡើងក្នុងពេលដែលមានជំនួបរវាងអាមេរិកនឹងកូរ៉េខាងជើងនៅ ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រភពព័ត៌ មានបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាង ជើង ដែលទៅកាន់ប្រទេសចិនលើកនេះអាចជាមេដឹកនាំគីម ជុងអ៊ុន ។

ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងក៏បានទៅកាន់ទីក្រុង ដាលៀន ដើម្បីចូលរួមពិធីបង្ហាញនិងដាក់ឲ្យដំណើរការសាកល្បងយន្តហោះដឹកជញ្ជូន ផលិត ដោយប្រទេសចិន។

គេហទំព័រ Weibo របស់ចិន បានផ្សាយ ថា តាំងពីថ្ងៃទី ៦ខែឧសភា ស្ថានភាពចរាចរណ៍នៅតំបន់អាកាសយានដ្ឋាន ត្រូវបាន កាត់បន្ថយ និងមានការយាមល្បាតយ៉ាង តឹងតែងបំផុត ។ ទីក្រុង ដាលៀន ធ្លាប់ជា កន្លែងជួបប្រជុំសម្ងាត់រវាងមេដឹកនាំចិន និងមេដឹកនាំកូរ៉េខាងជើង ។ កាលពីអតីត កាល មេដឹកនាំគីម អីុលស៊ុង និងគីម ជុងអុីល ក៏បានទៅកាន់ទីនោះដើម្បីជួប ពិភាក្សាជាមួយ មេដឹកនាំចិនផងដែរ។

មកទល់ពេលនេះ ក្រសួងការបរទេស ចិន មិនទាន់ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានយ៉ុនហាប់ ជុំវិញមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ទៅកាន់ទីក្រុង ដាលៀននោះ ឡើយ។

ពាក់ព័ន្ធនឹងការបន្ទន់ឥរិយាបថ របស់ កូរ៉េខាងជើង ដោយព្រមបោះបង់បរមាណូ និងពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូងក៏ដូចអាមេរិកដោយគ្មានលក្ខខណ្ឌ ។ក្រុមអ្នក វិភាគបានលើកឡើងថា មានស្រមោលនៃ អំណាចធំមួយ ស្ថិតនៅពីក្រោយការបន្ទន់ឥរិយាបថរបស់ លោក គីម ជុងអ៊ុន។

ពិភពលោកកំពុងទន្ទឹងរង់ចាំថា ពេល ណា និងទីកន្លែងណា ដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹក នាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើងនោះ វានៅតែមិនទាន់ ច្បាស់នៅឡើយ។

ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញ មួយចំនួន បានព្យាយាមបកស្រាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ UN និងការព្រមានចុចប៊ូតុងនុយក្លេអ៊ែរអាមេរិក របស់លោក ត្រាំ វាយប្រហារលើកូរ៉េខាង ជើង ព្រមទាំងការព្រួយបារម្ភពីទីក្រុងប៉េកាំង ខ្លាចក្រែងសង្រ្គាមផ្ទុះឡើង និងបង្កជាអស្ថិរភាពនៅតាមតំបន់ព្រំដែនរបស់ខ្ល្លួន អាចជាហេតុផលជំរុញឱ្យលោក គីម ជុង អ៊ុន ផ្លាស់ប្ដូរចិត្ត។

សម្រាប់ចិនការរក្សាស្ថិរភាព និងឃាត់មិនឱ្យកូរ៉េខាងជើងបង្ករឿងនៅលើតំបន់ ឧបទ្វីបកូរ៉េ អាចជាមធ្យោបាយមួយទប់ស្កាត់កុំឱ្យសហរដ្ឋអាមេរិក មានលេសពង្រីក សកម្មភាពយោធានៅក្នុងតំបន់។ ប៉ុន្តែ ទីក្រុងប៉េកាំង មិនចង់ឱ្យកូរ៉េខាងជើងទន់ ខ្សោយ ហើយក៏មិនចង់ឱ្យកូរ៉េទាំងពីររួមគ្នាដែរ ដ្បិតចិនខា្លចថា បើសិនជាកូរ៉េខាងត្បូង និងកូរ៉េខាងជើងរួមគ្នាក្លាយជាប្រទេសសេរី និងប្រជាធិបតេយ្យនោះកូរ៉េទាំងមូលមុខជានឹងងាកទៅចងសម្ពន្ធភាព ជាមួយសហ រដ្ឋអាមេរិកជាក់ជាមិនខាន។

បើទោះជាមានសេចក្ដីថ្លែងការណ៍រួម Panmunjom កាលពីថ្ងៃទី២៧ ខែមេសា​កន្លងទៅ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន នឹងលោក គីម ជុងអ៊ុន ក៏ដោយ ក៏គ្មាននរណាម្នាក់អាចទាយទុកជាមុនបានថា ទីក្រុងព្យុងយ៉ាងនឹងយល់​ព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែរទាំងស្រុងបាននោះដែរ។ ប៉ុន្តែគេអាចដឹងខ្លះៗ ថា ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ ចិននិងកូរ៉េខាងជើងចង់បានសម្បទានមួយចំនួនពីអាមេរិក ដោយពួកគេបានស្នើជាយូរណាស់មកហើយឱ្យកងទ័ពអាមេរិក ២៨.៥០០នាក់ ដែលកំពុងឈរជើងនៅ កូរ៉េខាងត្បូង ត្រូវបានដកចេញ។ តែ សំណើបែបនេះត្រូវបានអ្នកនាំពាក្យ លោក មូន ជេអុីន គឺ លោក គីម អ៊ុយគ្យឿម (Kim Eui-kyeom) បដិសេធថា មិនអាចយកមក​ចរចាគ្នាបាននោះទេ។

មួយវិញទៀត បើទោះជាទីក្រុងវ៉ាស៊ីន​តោន មិនបានរក្សាអាវុធនុយក្លេអ៊ែរ នៅ កូរ៉េខាងត្បូង ចាប់តាំងពីដើមទសវត្សរ៍៩០ ក្ដី ក៏សហរដ្ឋអាមេរិកបានសន្យាការពារកូរ៉េខាងត្បូង និងជប៉ុន ជាមួយអ្វីដែលខ្លួន ហៅថា «ឆត្រនុយក្លេអ៊ែរ» មានដូចជាយន្ដ​ហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក ជាដើម។ លើសពីនេះទៅទៀតដោយ អះអាងថា ដើម្បីការពារទីក្រុងសេអ៊ូល ពីការវាយប្រហារដោយគ្រាប់មីស៊ីលកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD នៅលើទឹកដីកូរ៉េខាងត្បូង។

ប៉ុន្តែចិនចាត់ទុកថា វាគឺជាការគំរាម​ កំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងមានគោលដៅមកលើខ្លួន ហើយ ដែលនេះកំពុងបង្កើតជាសំណួរថា តើចិនបានប្រាប់ឱ្យទីក្រុងព្យុងយ៉ាង ឱ្យស្នើអាមេរិកដកប្រព័ន្ធមីស៊ីលនេះដែរ ឬទេ នៅក្នុង ជំនួបជាមួយលោក ត្រាំ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ត្រូវ បានគេមើលឃើញថា មានភាពទន់ភ្លន់ ច្រើន បន្ទាប់ពីលោកបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំងកាលពីចុង ខែមីនា ដែលជាដំណើរទស្សនកិច្ចក្រៅ ប្រទេសលើកដំបូង ចាប់តាំងពីលោកឡើងកាន់អំណាចបន្តពីឪពុក គឺលោក គីម ជុងអុីល (ស្លាប់) កាលពីខែធ្នូ ឆ្នាំ២០១១ មក។ បន្ថែមពីលើនេះ ដំណើរទស្សន កិច្ចនេះទៀតសោត ក៏ត្រូវបានក្រុមអ្នក ជំនាញសង្ស័យដែរថា បានកើតឡើង ដោយសារ តែសម្ពាធរបស់ចិន ពោល គឺក្រោយពី លោក សុង តាវ (Song Tao) ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមេសា៕ ម៉ែវ សាធី


ចែករំលែក៖