ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិចិនស្រវឹងបើករថយន្តបុកគូទរថយន្តបុរសម្នាក់សង១៧០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ជាជនជាតិចិនម្នាក់ ស្រវឹងបើករថយន្តធុនត្រាមួយគ្រឿង ក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងរថយន្តហាយឡែនឌ័រពីក្រោយ បណ្តាលឲ្យរងការខូចខាត ហើយព្យាយាមបើករត់ត្រូវបានរថយន្តរងគ្រោះដេញឃាត់ជាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Z 7345 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A 9866 បើកបរដោយនារីម្នាក់ ជាជនជាតិចិន ធ្វើដំណើរមកពីក្រោយទាំងស្ថានភាពស្រវឹង ហើយបានជ្រុលបុកគូទរថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាត ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខស្ថានីយប្រេងឥន្ធនៈសូគីម៊ិចទើបរថយន្តរងគ្រោះដេញឃាត់បាន ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីខាងរថយន្តបង្ក ចេញថ្លៃជួសជុលចំនួន១៧០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖