ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួប សំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចុះជួប សំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការនី និង អញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់ សេដ្ឋកិច្ចពិសេសថ្មី ឈ្មោះ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ( Intervia Automobile Industry Complex) និងរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោអរគុណជាអនេកចំពោះការទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលពីកូនក្មួយកម្មករកម្មការនីយើង ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយ កម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពចំពោះការអភិវឌ្ឍន៍រីកចម្រើននៃតំបន់ក្រុងបាវិតនេះ ដែលកាលពីមុនក្រុងបាវិតនេះមានតំបន់សេដ្ឋកិច្ចពិសេសត្រឹមតែ១ប៉ុណ្ណោះក៏ប៉ុន្តែពេលនេះតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅដល់ ៨ កន្លែង ដែលមានកម្មករកម្មការនីធ្វើការប្រមាណជិត ៤ម៉ឺននាក់។ សម្តេចតេជោ បានមានប្រសាសន៍ថា ការពង្រីករោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងបែបនេះ មិនខុសអ្វីពីការបង្កើត និងពង្រាយសាលារៀនឲ្យមាននៅគ្រប់ទីកន្លែងនោះទេ ព្រោះទាំងអស់នេះ គឺជាកត្តាចាំបាច់ក្នុងការផ្តល់ការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់យើង និងដើម្បីជំរុញឲ្យ ប្រទេសជាតិមានការអភវិឌ្ឍរីកចម្រើន។
សម្តចតេជោ បានបញ្ជាក់ផងដែរថាតំបន់ក្រុងបាវិតនេះ ពីអតីកាលគឺជាតំបន់សមរភូមិក្តៅដែលពោលពេញទៅដោយបញ្ហាសង្គ្រាមរាំរ៉ៃ ហើយកាលពី ៤៣ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជាត្រូវរត់ព្រាត់ប្រាស់គ្នាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ប៉ុន្តែក្នុងរយះពេល៤៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាបានជួបជុំគ្នា និងរស់នៅដោយ សុខសន្តិភាព។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ”សន្តិភាព” ឲ្យបានគង់វង្សដើម្បីបន្តការអភវិឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ សុំកុំឲ្យបណ្តាលរោងចក្រទាំងអស់មាន នូវបងតូចបងធំ(ជើងកាង) ដែលមកបំបាសបំបោលកម្មករយើង។ សូមកម្មករកម្មការនីយើងត្រូវរួមគ្នា រក្សាការងាររបស់ខ្លួន ត្រូវគោរពគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករយើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បី ឲ្យក្រសួងពាក់ពន្ធ័អនុវត្តន៍ឲ្យមានប្រសិទ្ធភាព។
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។
នៅថ្ងៃនេះ ផងដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលរថយន្តចំនួន ១២គ្រឿងដែលជាអំណោយផ្តល់ដោយក្រុមហ៊ុន Daehan Auto Cambodia របស់ប្រទេសកូរ៉េ ដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ ហើយសម្តេចតេជោ ក៏បានប្រគល់រថយន្តទាំងអស់នេះទៅមន្ទីរការងារខេត្តស្វាយរៀងដើម្បីជាប្រយោជន៍បម្រើដល់ការដឹកជញ្ជូនបងប្អូនកូនក្មួយកម្មករយើងក្នុងខេត្តស្វាយរៀងនេះ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើក ទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៨២១ នាក់ផងដែរ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ