ភ្នំពេញ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៨ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រកាសបន្តកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” សម្រាប់សិស្ស-និស្សិតកម្ពុជា ស្របពេលដែលក្រុមហ៊ុននៅតែបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្ដល់ឱកាសអប់រំកាន់តែប្រសើរដល់សិស្ស-និស្សិតរស់នៅតាមសហគមន៍ ដែលមានទឹកចិត្តមោះមុតចង់បន្តការសិក្សា។
នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំប្រទេសកម្ពុជាលោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) បានថ្លែងទៅកាន់ភ្ញៀវក្នុងពិធីប្រកាសនេះថា ក្រុមហ៊ុន អេសស៊ីជី មានការប្ដេជ្ញាចិត្តក្លាយជាក្រុមហ៊ុនល្អនៅក្នុងសហគមន៍ដែលខ្លួនធ្វើប្រតិបត្តិការ តាមរយៈការផ្ដល់ឱកាសដល់សិស្ស-និស្សិត ដែលមានអាកប្បកិរិយាល្អចំពោះការសិក្សា ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន ឲ្យមានលទ្ធភាពឈោងចាប់ក្តីសុបិនរបស់ខ្លួនដែលចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចជាឈោងចាប់យកអាជីពការងារក្នុងក្តីសុបិនផងដែរ។ លោក ស៊ុម វ៉ាង ម៉ានភីម៉ុនឆាយ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អេសស៊ីជី មានការតាំងចិត្តក្នុងការផ្ដល់ប្រយោជន៍ដល់សង្គមដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ហើយដូច្នេះ យើងជឿជាក់ថា ការអប់រំគឺជាគន្លឹះសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការបន្តកម្មវិធីអាហារូបករណ៍ ‘អេសស៊ីជី ចែករំលែកក្តីសុបិន’ ដើម្បីជួយគាំទ្រដល់សិស្ស-និស្សិត ដែលរៀនពូកែ ចេះដឹងគុណចំពោះក្រុមគ្រួសារ និងមានទឹកចិត្តមោះមុតក្នុងការបន្តការសិក្សា ព្រមទាំងចេះគិតគូពីការរួមចំណែកដល់សង្គមវិញ។ បំណងរបស់យើងគឺចង់ធ្វើឲ្យពួកគេក្លាយជាពលរដ្ឋល្អ និងក្លាយជាធនធានមនុស្សសំខាន់សម្រាប់កម្ពុជា”។
នៅឆ្នាំនេះ បន្ថែមលើការផ្ដល់អាហារូបករណ៍ដល់សិស្សថ្នាក់វិទ្យាល័យចំនួន ២៥០ រូប ក្រុមហ៊ុន អេសស៊ីជី ក៏នឹងផ្ដល់អាហារូបករណ៍បន្ថែមចំនួន ១០ កន្លែងទៀត សម្រាប់សិស្សពូកែក្នុងកម្មវិធីអាហារូបករណ៍នេះ ឲ្យបន្តការសិក្សារបស់ខ្លួននៅថ្នាក់មហាវិទ្យាល័យបន្តទៀត ហើយការគាំទ្រទំនុកបម្រុងនឹងត្រូវបានផ្ដល់ជូនដល់និស្សិតទាំងនោះរហូតដល់ពួកគេបញ្ចប់ការសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសសើរដល់ក្រុមហ៊ុនអេសស៊ីជី សម្រាប់ការគាំទ្រនេះ ក៏ដូចជាទឹកចិត្តរបស់ក្រុមហ៊ុនក្នុងការជួយដល់វិស័យអប់រំនៅកម្ពុជា។លោក បណ្ឌិត មានប្រសាសន៍ថា៖ “ការផ្ដល់អាហារូបករណ៍អេសស៊ីជីនេះគឺបានជួយកាត់បន្ថយនូវចំណាយរបស់សិស្សានុសិស្ស ហើយអាចឲ្យគាត់បញ្ចប់ការសិក្សាបាន ។ ខ្ញុំក៏វាយតម្លៃខ្ពស់ផងដែរចំពោះការពង្រីកការជ្រើសរើសនេះ ដែលយើងចាប់ផ្ដើមពីខេត្តកំពត មកដល់ភ្នំពេញ ហើយនិងនៅខេត្តកណ្ដាលទៀត។…ពេលនេះកម្មវិធីក៏ផ្ដល់អាហារូបករណ៍ដល់និស្សិតរៀននៅកម្រិតឧត្តមសិក្សា។ នេះជាគំនិតផ្ដួចផ្ដើមមួយសំខាន់ ហើយក៏មានប្រយោជន៍ដល់សិស្សទាំងអស់ ដោយសារតែការផ្ដល់អាហារូបករណ៍ដល់និស្សិតរៀននៅថ្នាក់ឧត្តមសិក្សានេះអាចឲ្យគាត់ទទួលបាននូវការអប់រំកម្រិតឧត្តមសិក្សា ហើយអាចឲ្យគាត់រៀនចប់ មានការងារធ្វើ និងទទួលប្រាក់បៀវត្សរ៍សមរម្យដើម្បីជួយដល់គ្រួសារ”។
លោក ផាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា ការគាំទ្ររបស់ក្រុមហ៊ុន អេសស៊ីជី គឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថៃ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងប្រទេសកម្ពុជា។លោក បានមានប្រសាសន៍ថា៖ “កម្មវិធីនេះ ជួយឲ្យប្រទេសកម្ពុជា និងវិស័យឯកជនថៃកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា។ ការខិតខំប្រឹងប្រែងទាំងអស់នេះជួយលើកកម្ពស់ចំណងទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសថៃ និងកម្ពុជា។ កម្មវិធីអាហារូបករណ៍ ‘អេសស៊ីជី ចែករំលែកក្តីសុបិន’ របស់ក្រុមហ៊ុនអេសស៊ីជីនេះ គឺជាឧទាហរណ៍ជាក់ស្ដែងបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន អេសស៊ីជីក្នុងការជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងជួយដល់ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានផងដែរ”។
គួរបញ្ជាក់ដែរថាក្រុមហ៊ុនអេសស៊ីជីបានអនុវត្តកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” អស់រយៈពេលជាងបួនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៤ ដោយបានផ្ដល់អាហារូបករណ៍ដល់សិស្សជាង ៨០០ នាក់នៅរាជធានីភ្នំពេញ ខេត្តកំពត និងកណ្ដាល ។កម្មវិធីអាហារូបករណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អេសស៊ីជីដើម្បីក្លាយជាក្រុមហ៊ុនមានប្រតិបត្តិការល្អ តាមរយៈការផ្ដល់ឱកាសដល់សិស្ស-និស្សិតឲ្យទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា ។ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ចំនួនជាង ៦,០០០ កន្លែង ដល់សិស្សពូកែរាប់ពាន់នាក់ក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុនអេសស៊ីជី មានផែនការបន្តរៀបចំកម្មវិធីអាហារូបករណ៍នេះនៅកម្ពុជាតទៅថ្ងៃអនាគតបន្តទៀត ដើម្បីឲ្យសិស្សកម្ពុជាដែលកំពុងរៀននៅថ្នាក់វិទ្យាល័យអាចសម្រេចក្តី សុបិនរបស់ខ្លួនទទួលបានអនុគតកាន់តែត្រចះត្រចង់៕ វឌ្ឍនា