ភ្នំពេញ: សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បញ្ជូនខ្លួន ក្រុមចោរ៣នាក់អុកឡុកអ្នកភូមិនៅសង្កាត់ជ្រោយចង្វា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ងតតាមនីតិវិធី កាល ពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ។
សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់៖ទី១ឈ្មោះ ឯល រីសាត ហៅ អែល រីសាត អាយុ ៣៧ឆ្នាំ ទី២ឈ្មោះ ឡាប រ៉ូស្សេត ហៅ ខុង អាយុ ១៧ឆ្នាំ និងទី៣ឈ្មោះ រ័ត្ន វណ្ណដេត អាយុ ២១ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យទាំងនេះបាន ធ្វើសកម្មភាពគាស់ទ្វាផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ១៩ អេហ្វ ផ្លូវទន្លេសាប ភូមិ៣ ក្រុម៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ នគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រុមជនសង្ស័យ បាន ៣នាក់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
យោងតាមលិខិត ពីពលរដ្ឋនៅខណ្ឌជ្រោយចង្វា ប្តឹងទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមជនសង្ស័យ តែងតែធ្វើសកម្មភាព អុកឡុក និងលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្នុងទឹកដីសង្កាត់ជ្រោយចង្វា រៀងរាល់ថ្ងៃ ដោយមិនរើសមុខ គឺលួចរបស់របរ គ្រប់ប្រភេទ សូម្បីតែថូជ័រដាំផ្កា លំអរផ្ទះ ស្បែកជើង ខោអាវ និងហ៊ានឈានដល់គាស់ទ្វារផ្ទះពលរដ្ឋថែមទៀតផង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ធ្លាប់បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានជាច្រើនលើក ប៉ុន្តែនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វា និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ហាក់គ្មានអើពើបង្ក្រាបនោះទេ បានត្រឹមតែទទួលពាក្យបណ្តឹងពីពលរដ្ឋ ដោយមិនចាត់ការវិធានការផ្លូវច្បាប់ ចាប់ក្រុមជនសង្ស័យឡើយ បណ្តែតបណ្តោយឲ្យ ក្រុមជនសង្ស័យ បង្កភាពអសន្តិសុខ ដល់ពលរដ្ឋទាំងយប់ទាំងថ្ងៃ ធ្វើឲ្យពួកគាត់ដេកភិតភ័យគ្រប់នាទី។
ប្រជាពលរដ្ឋ រស់នៅសង្កាត់ជ្រោយចង្វា បានសម្តែងការសាទរចំពោះចំណាត់ការរបស់ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកវរសេនីយ៍ ជាវ វិបុល ដែលបានជួយដកបន្លាពីក្នុងទ្រូងរបស់ពួកគាត់នាពេលនេះ។
ពលរដ្ឋាសង្ឃឹមថា តុលាការនឹងមានចំណាត់ការលើក្រុមចោរទាំងអស់នេះ ឲ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ជ្រោយពេជ្រ