ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គោយន្តដឹកឈើបុក ហើយកិនពីលើ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ត្រូវគោយន្តកិនពីលើស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗផងដែរ។

ម្ចាស់គោយន្តក្រោយបង្កបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងគោយន្តដឹកឈើនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិចប្រមូលយកទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនឲ្យដោះស្រាយជាមួយភាគីអ្នករងគ្រោះដោយសន្តិវិធី។

វរសេនីយ៍ទោប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាក់បាលបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគីឡូម៉ែត្រ៧៥ លេខ៧៦ លើផ្លូវលេខ៤៤ ភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះណាត លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ (គោយន្តកិនស្លាប់) និងអ្នករួមដំណើរឈ្មោះពក ដេត ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ទាំងអ្នករស់ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CH:0345 ខូចខាតទាំងស្រុង។

លោកអធិការបានឲ្យដឹងថា គ្រោះថ្នាចរាចរណ៍ដែលបានកើតឡើងនេះបង្កដោយគោយន្តកន្ត្រៃម៉ាកគូបូតា១៥សេស ដឹកឈើសន្លឹក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិច ទៅកើតចំណែកភាគីរងគ្រោះទិសដៅពីកើតទៅលិច ។

បើតាមសាក្សីបានបំភ្លឺថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់បើកគោយន្តដោយមានដឹកឈើទិសដៅពីលិចទៅកើត លុះមកដល់កចំណុចកើតហេតុ ស្រាប់តែគោយន្បានរេចង្កូតទៅបុកភាគីម៉ូតូដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ត្រូវគោយន្តកិនជាមួយម៉ូតូជាប់ពីក្រោមស្លាប់ភ្លាមមួយរំពេច ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសជាទម្ងន់។

ក្រោយកើតហេតុ អ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់ ចំណែកសាកសពខាងលើត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះ សម្ភារវត្ថុតាងត្រូវបានដកហូតយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

លោកវរសេនីយ៍ទោប៊ុត ប៊ុនធឿនបានប្រាប់នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកគោយន្ត ដែលជាម្ចាស់គោយន្តឲ្យចូលខ្លួនដោះស្រាយជាមួយភាគីរងគ្រោះតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖