ភ្នំពេញ៖ ការស្វែងរកលំនៅដ្ឋានផ្ទាល់ខ្លួនរស់នៅភ្នំពេញសម្រាប់អ្នកមានចំណូលមធ្យម និងទាបកំពុងតែមានការកើនឡើង ស្របពេលដែលសំណង់សំនៅដ្ឋានជាយក្រុងជាច្រើនកំពុងតែកើនឡើងគួរកត់សម្គាល់ ។ ក្នុងនោះគេសង្កេតឃើញថា ការផ្តល់លក្ខខណ្ឌក្នុងការបង់រំលោះផ្ទះ ក៏មានច្រើនជម្រើស ហើយអ្វីដែលគេចាប់អារម្មណ៍ចុងក្រោយនេះ សំណង់ផ្ទះល្វែងមួយឈ្មោះថា ជឿន សារឹទ្ធក៏បានប្រកាសថាអតិថិជនរបស់ខ្លួនអាចមានលំនៅដ្ឋានសមរម្យផ្ទាល់ខ្លួនរស់នៅក្នុងក្រុងបានដោយចំណាយប្រចាំខែមិនដល់២០០ដុល្លារអាមេរិកផង ។
ការប្រកាសគម្រោងទី៣ ស្ថិតនៅក្នុងទឹកដី ខណ្ឌដង្កោនេះដែរ គឺក្រោយពេលដែលសំណង់ផ្ទះល្វែងនៅតំបន់នេះចាប់ផ្តើមរីកលូតលាស់ខ្លាំងគួរកត់សម្គាល់ ។ លោក ជឿន សារឹទ្ធ ម្ចាស់គម្រោងសំណង់ផ្ទះល្វែង ជឿន សារឹទ្ធ បានបញ្ជាក់ថាលោកបានសម្រេចចិត្តវិនិយោគ គម្រោងទី៣នៅក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ក្នុងគម្រោងទឹកប្រាក់ប្រមាណ៦លានដុល្លារអាមេរិក ដែលគម្រោងលំនៅដ្ឋានទី៣នេះ នឹងផ្តល់លក្ខ ខណ្ឌល្អប្រសើរច្រើនសម្រាប់អ្នកមានចំណូលទាប គឺពួកគាត់អាចបង់រំលោះដោយចំណាយប្រចាំខែ ។
លោកថាទីតាំងនៅតំបន់នេះអំណោយផលខ្លាំងដែលជាប់នឹងផ្លូវ៣០ម៉ែត្រ តំបន់ផ្សារ ទីប្រជុំជន រោងចក្រស សហគ្រាសជាច្រើន ដែលងាយស្រួលដល់ការរស់នៅ និងការប្រកបរបរផ្សេងៗបាន ។ លោកបន្តថា តម្លៃផ្ទះនៅទីនេះគឺតម្លៃចាប់ពី២៤៨០០ដុល្លារអាមេរិកឡើងទៅ ដែលអ្នកមានចំណូលមិនច្រើនក៏អាចបង់បាន ។
លោកថាអតិថិជនអាចបង់ប្រចាំខែត្រឹម១៧៥ដុល្លារអាមេរិកក៏អាចមានផ្ទះនៅសមរម្យនៅក្នុងក្រុងបានដែរ ដែលសូម្បីតែកម្មករ កម្មការិនីក៏គាត់អាចមានលទ្ធភាពផងដែរ ។ លោកថាយុទ្ធសាស្ត្រផ្តល់លក្ខ ខណ្ឌនេះបានធ្វើឲ្យគម្រោងទាំងជាង៤០០ល្វែងនៅទីនេះលក់បានប្រមាណជាង៧០ភាគរយ គ្រាន់តែប្រកាសមុនបុកគ្រឹះមួយខែ ។ លោកថាគម្រោងនេះគឺមានការធានាតាមលក្ខ ខណ្ឌផ្លូវច្បាប់គ្រប់គ្រាន់ដែលមិនធ្វើឲ្យអតិថិជនមានការព្រួយបារម្ភនោះទេ ។
ម្ចាស់គម្រោងរូបនេះបន្តទៀតថា នៅតំបន់នេះគឺជាតំបន់អភិវឌ្ឍន៍ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធពិសេសប្រព័ន្ធផ្លូវខ្វាត់ខ្វែងច្រើនដែលធ្វើឲ្យការធ្វើដំណើរទៅកាន់ទីកណ្តាលក្រុងងាយស្រួល និងឆាប់រហ័ស៕ វឌ្ឍនា