ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញារក្សាទុក និងចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម សហការគ្នាឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារក្សាទុក និងចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១៧ និង១៥នាទី ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតំបន់ព្រៃត្រង់ចំណុចអូរកាប់ជ្រូក ស្ថិតក្នុងភូមិផ្ទះ១ ឃុំប្រម៉ោយ និងចំណុចអូរក្របីងាប់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ទី១ ឈ្មោះ ស៊ុន បុត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករចំកាម្រេច រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង(ជាអ្នកទទួលទិញ) ទី២ ឈ្មោះ ទេស ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ជាអ្នកដឹកជញ្ជូន(លក់) និងទី៣ ឈ្មោះ ហៃ លីសេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបោសគ ឃុំតាលោ ស្រុកបាកាន ជាអ្នកដឹកជញ្ជូន(លក់)។

លោក វរសេនីយ៍ឯកបន្តថា ក្និងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានដកនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់តូច និង០១កញ្ចប់ធំ ស្មើរនឹងទម្ងន់ ៨.២៨ក្រាម ថ្លឹងទាំងសំបក ដែកកេះចំនួន ០១ សុីមកាតស្មាតចំនួន ១០បន្ទះ ទូរស័ព្ទដៃម៉ាក ណូគា ចំនួន ០៣គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២សន្លឹក និងម៉ូតូ ១គ្រឿងម៉ាក ហុងដាវ៉េវអុី ពណ៏ទឹកប្រាក់។

លោក អធិការនគរបាលបន្តទៀតថា ចំពោះជនសង្ស័យរួមវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖