ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានស្រែកទ្រហោយំឱបសពប្តី និងបានរៀបរាប់ចោទប្រកាន់គ្រូពេទ្យមួយចំនួន ប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនថា មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺឲ្យប្តីគាត់នោះទេទោះបីជាគាត់ដើរស្រែកហៅពេញមន្ទីរពេទ្យក៏អត់ឃើញមានពេទ្យណាម្នាក់ទៅជួយសង្គ្រោះដែរ គឺទុករហូតដល់ត្រដរខ្យល់ស្លាប់ទើបមកធ្វើចលនាបេះដូង។
ការចោទប្រកាន់របស់ស្រ្តីរូបនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃ សៅរ៍ ៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ឧសភា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈជិះម៉ូតូហត់ពេក ចង់គាំងបេះដូង។ ជនរងគ្រោះជា ប្តីស្ត្រីខាងលើដែលស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនោះឈ្មោះ កៅ ពុន អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះរី ខួច អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ (ស្រី២ប្រុស៣) រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ស្ត្រីរូបនេះរៀបរាប់ទាំងមិនអស់ចិត្តថា នៅព្រឹកថ្ងៃទី១៩ ខែឧសភានោះ ខណៈប្តីគាត់ជិះម៉ូតូតាមផ្លូវជាតិលេខ៥៧ ដល់ចំណុចឡើងទួលមួយ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្រាប់តែមានអាការហត់ ហើយក៏ឈប់ម៉ូតូទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យ តែគេបានឆ្លើយមកវិញថា រថយន្តមាន តែអត់មានអ្នកបើកបរទេ ទាល់តែរកជួលអ្នកបើកទៀតទុំបទៅបាន ។ពេលនោះបងប្រុសរបស់គាត់ដែលធ្វើទាហានចាំយូរពេក អស់រយ:ពេលច្រើនម៉ោង ក៏បើករថយន្តទៅតាមហៅពេទ្យ រហូតដល់ម៉ោង១០ព្រឹក ទើបឃើញរថយន្តមន្ទីរពេទ្យចេញទៅដឹក ហើយក៏យកមកដាក់ខ្យល់អុកសុីហ្សែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ ពេលមកដល់ភ្លាម ប្តីរបស់គាត់និយាយបាន លែងហត់ដូចមុន ស្រាប់តែមួយសន្ទុះក្រោយមក បាត់គ្រូពេទ្យអស់រលីង (ពេទ្យដើរចោលកន្លែង)។ រហូតដល់ម៉ោង៤រសៀល គាត់បានដើរតាមហៅគ្រូពេទ្យ ដោយសួរគេឯងស្ទើរគ្រប់កន្លែង ។ ក្រោយមក គាត់ទៅសួរគ្រូពេទ្យមុខបន្ទប់វះកាត់ ស្រាប់តែជួបអ្នកគ្រូពេទ្យវ័យក្មេងម្នាក់ ហើយគាត់បានសួរថា អ្នកគ្រូពេទ្យ លោកពេទ្យ ដែលធ្វើការប្រចាំនៅកន្លែងប្តីរបស់គាត់ឈឺទៅណាអស់ហើយ ។ ពេលនោះ គេឆ្លើយថា ទៅហូបបាយអស់ហើយ សម្រាកអស់ហើយ អត់មានអ្នកណាមើលទេ ។
ស្រ្តីនេះរៀបរាប់បន្តថា ពេលដូច្នេះ គាត់បានទូរស័ព្ទទៅម្តាយនៅឯខេត្តបាត់ដំបងប្រាប់ថា ប្តីចាប់ផ្តើមដង្ហក់ ហើយអត់មានគ្រូពេទ្យមើលទេ រហូតដល់រសៀលម្តាយរបស់គាត់ក៏មកដល់ខេត្តប៉ៃលិនហើយពេលនោះគ្រូពេទ្យក៏នៅអត់ទាន់ឃើញមកដល់មើលអ្នកជំងឺទៀត ។ រហូតដល់ប្តីគាត់ទន់ក ម្តាយគាត់ស្រែកប្រាប់អ្នកនៅក្បែរមកមើលឈូឆរ ទើបឃើញគ្រូពេទ្យចូលមកមើលម្តង១ៗ ហើយមកចាក់ថ្នាំ ខណៈអ្នកជំងឺលែងដឹងខ្លួនទៅហើយ ពោលគឺប្តីគាត់បញ្ឈរភ្នែកទៅហើយ ។ គាត់ថា តាំងពីមកដល់មន្ទីរពេទ្យភ្លាមៗគ្រូពេទ្យអត់ខ្នះខ្នែងមើលប្តីគាត់ទេ ហើយបើពេទ្យមើលដិតដល់ប្រហែលអត់មានបញ្ហាឡើយ។ កាលប្តីគាត់និយាយបាន អត់ឃើញមានចាក់ថ្នាំឲ្យទេ គ្រាន់តែដាក់អុកសុីហ្សែនហើយទុកចោល ដើរទៅក្រៅបាត់ ។ ដល់ពេលមនុស្សស្លាប់ទៅហើយ ម្តាយខ្ញុំសួរថា ហេតុអីគ្រូពេទ្យឯងមិនមើលកូនខ្ញុំ ពេលនោះគ្រូពេទ្យឆ្លើយថា គ្រូពេទ្យមិនមែនមើលតែកូនមីងឯងម្នាក់ទេ មើលអ្នកជំងឺផ្សេងទៀតដែរ ។
ចំណែកបុរសម្នាក់ឈ្មោះ ញ៉ែប វ៉ាន់ថៃ ត្រូវជាបងថ្លៃជនរងគ្រោះវិញនិយាយថា គាត់ចង់ឱ្យពេទ្យដែលប្រចាំការយកចិត្តទុកដាក់ចំពោះអ្នកជំងឺនិងមានក្រមសិលធម៌ខ្លះផង ។ ប្អូនថ្លៃគាត់មានបញ្ហាជំងឺតាំងពីម៉ោង៨ព្រឹក ហើយទាក់ទងទៅរថយន្តពេទ្យរហូតដល់ម៉ោង១០ព្រឹក គឺអស់រយៈពេលប្រមាណ២ម៉ោង ទើបទៅដឹកប្អូនថ្លៃរបស់គាត់ ។ ពេលទៅដល់មន្ទីរពេទ្យ សូម្បីតែថ្នាំ១ម្ជុលក៏អត់ចាក់ឱ្យប្អូនគាត់ដែរ ។ ក្រោយមក គេទារថ្លៃសេវា៣០ម៉ឺនរៀលទៀត រហូតដល់ប្អូនគាត់ស្លាប់ទើបគេប្រគល់លុយនោះឲ្យមកវិញ ។
បុរសជាបងថ្លៃបញ្ជាក់ថា មិនមែនតែប្អូនគាត់ម្នាក់ទេ សូម្បីតែបងថ្លៃរបស់គាត់កាលពីប៉ុន្មានខែមុន ឈឺពោះសម្រាលកូន បែកទឹកភ្លោះហើយទុករហូតដល់ស្ងួត ។ ដោយទ្រាំមិនបាន គាត់ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯខេត្តបាត់ដំបង កុំអីអាចស្លាប់ជាមិនខាន ។
ទាក់ទិនទៅនឹងបញ្ហានេះ លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តបានបំភ្លឺថា បងអ្នកជំងឺ់បានមកយករថយន្តមន្ទីរពេទ្យ ដោយមិនដឹងជាទាក់ទងទូរស័ព្ទតាមណាទេ ។ ពេលទៅយកនោះគឺអ្នកជំងឺនៅក្រោមដើមឈើ ហើយប្រហែលជាដឹកតាមរថយន្តយកទៅព្យាបាលនៅកន្លែងផ្សេង លុះអ្នកជំងឺធ្វើទុក្ខខ្លាំង ទើបហៅរថយន្តពេទ្យទៅដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈ អ្នកជំងឺមានបញ្ហាសួត និងបេះដូងធ្ងន់ ។ ចំពោះប្រពន្ធជនរងគ្រោះថា គ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាល គឺមិនពិតនោះទេ ព្រោះគ្រូពេទ្យតែងតែយកចិត្តទុកដាក់ព្យាបាល និងសង្គ្រោះអ្នកជំងឺរហូត ហើយក៏មានការភ័យព្រួយជាងបងប្អូនអ្នកជំងឺទៅទៀត ។ ប៉ុន្តែ បើប្រជាពលរដ្ឋនិយាយថា គ្រូពេទ្យមិនយកចិត្តទុកដាក់មិនមើលនោះជារឿងរបស់គេ ។ លោកប្រធានមន្ទីរបន្ថែមថា ពាក់ព័ន្ធនឹងរឿងថា រថយន្តពេទ្យអត់មានអ្នកបើក ហើយទាល់តែជួលគឺខាងមន្ទីរពេទ្យអត់ដឹងរឿងនេះទេ ហើយក៏អត់មានទូរស័ព្ទចូលមកមន្ទីរពេទ្យដែរមិនដឹងថាគាត់បានពីណាទេ ៕ សហការី