ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចាស់ជាមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅគុយបាសម្លាប់មនុស្ស១១០នាក់

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវ ក្រោយហេតុការណ៍គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរនៅគុយបា កាលពី៣ថ្ងៃមុន សម្លាប់មនុស្សជាង១០០នាក់គឺបណ្តាលមកពី អាយុកាល នៃយន្តហោះ «គឺយន្តហោះចាស់ពេក»។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុន អាកាសចរណ៍ Cubana Del Aviacion ជួសពីក្រុមហ៊ុន មួយរបស់ប្រទេសមិុចស៊ីកូ បានដាំក្បាលបុកដី ក្រោយហោះហើរចេញ ពីអាកាសយាន ដ្ឋាន Havana តែប៉ុន្មាន នាទីប៉ុណ្ណោះ។ យន្តហោះដែលជួបគ្រោះ ថ្នាក់នេះ គឺបានធ្វើការហោះហើររបស់រយៈពេល៣៩ឆ្នាំហើយ។

អ្នកឯកទេសអាកាសចរណ៍ Richard Aboulafia បានបញ្ជាក់ថា «យន្តហោះ ដែលជួបគ្រោះថ្នាក់គឺជាយន្តហោះដឹកអ្នកដំណើរមានអាយុកាលប្រើប្រាស់យូរជាងគេបំផុតលើពិភពលោក ។ អាយុកាលនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Ryanair មធ្យមគឺ៥ឆ្នាំ។

សារព័ត៌មាន Mirror បានផ្សាយថា យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ ត្រូវបានហាមប្រាមហោះហើរតាំងពីឆ្នាំ ២០១៧ ដោយសារតែដឹកលើសកំណត់។ ក្រុមហ៊ុនអាកាសចរណ៍ គុយបាជួបផល លំបាកយ៉ាងខ្លាំង ដោយសារតែជើងហោះហើរនៅក្នុងស្រុកជាច្រើនមិនអាចដឹកអ្នកដំណើរបាន ព្រោះតែយន្តហោះចាស់ពេក ។ ភាគច្រើន គុយបាជួលយន្តហោះពីបរទេសសម្រាប់ដឹកអ្នកដំណើរ ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើ មកទល់ពេលនេះ សាកសពអ្នក ដំណើរ ២០នាក់ប៉ុណ្ណោះ ត្រូវបានកណត់ អត្តសញ្ញាណ ក្រៅពីនះគឺមិនទាន់ស្គាល់​អត្តសញ្ញាណនៅឡើយទេ ដោយសារតែ យន្តហោះផ្ទុះឆេះ សាកសពខ្លះឆេះខ្លោច និងខ្លះទៀតខ្ទេច ខ្លួនប្រាណ។

យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 ដែលក្រុមហ៊ុនអាកាសចរណ៍ ជាតិគុយបា ជួលពីក្រុមហ៊ុនម៉ិចស៊ីកូ Global Air បានធ្លាក់និងផ្ទុះឆេះស្ទើរតែខ្ទេចខ្ទីទាំងស្រុង ក្រោយពីវាហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ចូស ម៉ារទី Jose Marti នៃរដ្ឋធានីឡាហាវ៉ាន់បានតែ បន្តិចប៉ុណ្ណោះ ។

យន្តហោះខាងលើមានផ្ទុកមនុស្សសរុបចំនួន ១១៣នាក់ ក្នុងនោះមានសហសេវិកដែលសុទ្ធតែជាជនជាតិម៉ិចស៊ីកូចំនួន៦នាក់ និងបានជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ នៅក្នុងជើងហោះហើរក្នុងស្រុកពីក្រុងឡាហាវ៉ាន់ ទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ភាគ ខាងកើតប្រទេស។ អ្នកដំណើរនៅលើយន្តហោះភាគច្រើនគឺជាជនជាតិគុយបា ដោយក្នុងនោះមានស្រ្តី៣នាក់បានរួចរស់ជីវិត ប៉ុន្តែពួកគេកំពុងបន្តស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

សម្រាប់អ្នកដំណើរជនបរទេសចំនួន ៥នាក់ រួមមានជនជាតិអាហ្សង់ទីន២នាក់ ជនជាតិម៉ិចស៊ីកូម្នាក់ និងពីរនាក់ត្រូវពុំទាន់ត្រូវបានបញ្ជាក់ជាតិសាសន៍ច្បាស់ ប៉ុន្តែ ពួកគេមានទីលំនៅក្នុងប្រទេសគុយបា។ សម្រាប់នីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង ១១០នាក់ អាចនឹងត្រូវ ចំណាយពេលរហូតដល់៣០ថ្ងៃ ឯណោះ ទើបចប់ជាស្ថាពរ ដោយសារតែស្ថានភាព អាក្រក់ នៃរូបរាងសាកសព។

គួរជម្រាបថា អាជ្ញាធរគុយបានៅតែមិនទាន់អាចដឹងច្បាស់ពីមូលហេតុ ដែលធ្វើឲ្យ យន្តហោះធ្លាក់នៅឡើយទេ ប៉ុន្តែពួកគេបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរ ដែលផ្ទុកនូវទិន្នន័យហោះហើរដ៏សំខាន់ ព្រមទាំងព័ត៌មានអំពីអ្វីដែលបានកើតឡើង ចំពោះយន្តហោះនេះ។ ហេតុ ការណ៍នេះ គឺជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតនៅគុយបា គិតត្រឹម អំឡុងពេលប្រមាណជា៣ទសវត្សរ៍ កន្លង ទៅនេះ ហើយការកាន់ទុក្ខរយៈពេល២ថ្ងៃ ក៏ត្រូវបានធ្វើឡើងផងដែរ ដោយចាប់ផ្តើម កាលពីថ្ងៃសៅរ៍៕ ម៉ែវ សាធី

 


ចែករំលែក៖