សារព័ត៌មាន Reuters ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ បន្ទាប់ពីព្យុះភ្លៀងវាយប្រហារលើខេត្ត Hubei ស្ថិតនៅភាគកណ្ដាលប្រទេសចិន ខណៈក្រុមអ្នកព្យាករបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងផ្នែកជាច្រើននៃប្រទេសដែលមានប្រជាជនប្រមាណ ២០០លាននាក់រស់នៅ។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដោយផ្អែកលើការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននៃខេត្ត Hubei បានឱ្យដឹងថា ក្នុងរយៈពេល៤ម៉ោងកាលពីល្ងាចថ្ងៃចន្ទ ខ្យល់បក់មានកម្រិតល្បឿន ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់បោកលើទីក្រុង Huangshi, Huanggang, Ezhou និងទីក្រុង Xianning។
ព្រមពេលជាមួយគ្នា មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានក្រើនរំឮកឱ្យតំបន់ Guangxi ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន និងខេត្ត Jiangsu ព្រមទាំងខេត្ត Shandong ស្ថិតនៅភាគខាងកើត ត្រៀមលក្ខណៈប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងផងដែរដែលអាចនឹងធ្វើឱ្យកម្ពស់ទឹកហក់ឡើងដល់ ២៦០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងខាងមុខ ហើយដែលអាចនឹងបង្កឱ្យមានគ្រោះរអិលបាក់ដី ខណៈតំបន់ផ្សេងទៀតស្ថិតនៅភាគឦសាន និងភាគខាងត្បូងប្រទេសចិនអាចរងការវាយប្រហារពីព្យុះ។
ចិនក៏កំពុងប្រុងជើងការខ្ពស់ទប់ទល់នឹងព្យុះ Super Typhoon Bavi ដែលកំពុងបក់បោកនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ឆ្ពោះទៅកាន់កោះតៃវ៉ាន់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច