ភ្នំពេញ៖ មួយរយះកន្លងទៅនេះមានសារព័ត៍មាន គេហទំព័រ ក្នុងស្រុកជាច្រើន បានដកស្រង់រាល់ចំងល់ពីអាជីវករ និងអ្នកជំនាញផ្នែកទីផ្សារលើផលិតផលគ្រឿងអេឡិចត្រូនិច ដោយសំដៅទៅលើ ក្រុមហ៊ុនតាន់ ម៉េង ដែលនាំចូលផលិតផលគ្រឿងអេឡិចត្រូនិក ម៉ាកIngCo ពីប្រទេសចិនចូលមកប្រទេសកម្ពុជាតាមច្រកប្រទេសវៀតណាមនោះ សង្ស័យអត់បង់ពន្ធ បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធនាំចូលទាបនោះ គឺគេសង្កេតឃើញថា៖ លក់ចែកចាយបានកំណត់តម្លៃផលិតផល IngCo យ៉ាងទាបបំផុត តម្លៃនោះតាមអ្នកជំនាញតម្លៃទីផ្សារបានសន្មត់ថា តម្លៃដែលក្រុមហ៊ុនតាន់ ម៉េង កំណត់ក្នុងវិក័យបត្រនោះមានតែទំនិញមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ចំនួន ឬបង់ជាទំនិញក្លែងភេទទេ ទើបអាចលក់ដូច្នេះបាន ។
ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានដូចនិយាយខាងលើ និងតាមអ្នកសង្កេតឃ្លាំមើលឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនតាន់ម៉េង គេបានរាយការណ៍ថា ក្រុមហ៊ុនតាន់ម៉េងទំនងកំពុងចល័តទំនិញរបស់ខ្លួនចេញពីឃ្លាំង ឬកំពុងកែច្នៃអ្វីម្យ៉ាង ។ ព្រោះអ្នកសង្កេតការបានរាយការណ៍មកថា បានឃើញមាត់ទ្វាររបងឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនតាន់ម៉េងបើកចំហរ គ្មានអ្នកយាម ប៉ុន្តែទ្វារឃ្លាំងនៅបិទជិតដដែល ។
ឥឡូវនេះ ក្រោយពីមានការស្ងប់ស្ងាត់មួយរយៈ ក្រុមហ៊ុនតាន់ម៉េងបានចាប់ផ្តើមវាយប្រហារមកលើសារព័ត៌មាន គេហទំព័រវិញ ដោយចោទថា មានជនខិលខូចមួយចំនួនព្យាយាមបង្កាច់បង្ខូចក្រុមហ៊ុនតាន់ម៉េងតាមរយៈរូបភាពផ្សេងៗ ។
ទោះយ៉ាងនេះក្តី តាមការចុះផ្សាយបំភ្លឺរបស់ក្រុមហ៊ុនតាន់ម៉េងនោះបានទទួលស្គាល់ថា ខ្លួនពិតជាបានកំណត់តម្លៃទំនិញម៉ាក IngCo ថោកជាងតម្លៃអ្នកនាំចូលផ្សេងទៀតពិតប្រាកដមែន ។ ព័ត៌មានផ្សេងទៀតបញ្ជាក់ថា ប្រធានក្រុមហ៊ុនតាន់ម៉េងមានជាប់សាច់ញាតិជាមួយមេគយម្នាក់ ដូច្នេះហើយទើបក្រោយពីសារព័ត៌មាន និងគេហទំព័របានចុះផ្សាយហើយ គ្មានស្ថាប័នណាចុះត្រួតពិនិត្យ ហើយបន្ថែមពីលើនេះក្រុមហ៊ុនតាន់ម៉េងបានវាយប្រហារលើអ្នកសារព័ត៌មានថា មានជនខិលខូចបានព្យាយាមមូលបង្កាច់ទៅវិញ..? ។
ចំណុចទាំងអស់របស់ក្រុមហ៊ុនតាន់ម៉េងខាងលើនេះ អ្នករកទទួលទាននាំចូលបង់ពន្ធ លក្ខណះប្រណាំងប្រជែងពាណិជ្ជកម្មដោយភាពស្មោះត្រង់កំពុងរង់ចាំចំណាត់ការរបស់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ តើមានវិធានការបង្ក្រាបឬចុះឆែកឆេឬមួយយ៉ាងណា ខណះមានគេទម្លាយថា៖ ក្រុមហ៊ុនមួយនេះហ៊ានទាំងប្រើឈ្មោះមេគយចល័តទូទាំងប្រទេសទៅប្រើទៀតនោះ..?
ពាក់ព័ន្ធករណីនេះ លោក តាន់ ពុទ្ធារ័ត្ន នាយកក្រុមហ៊ុន តាន់ ម៉េង កាលពីព្រឹកថ្ងៃព្រសហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ អង្គភាព«នគរវត្ត» មិនអាចទាក់ទងបំភ្លឺបានទេ គ្រាន់តែលេខទូរស័ព្ទ០១២៩៩៩១៣៩ ត្រូវបានស្ត្រីម្នាក់លើកទទួលហើយ អះអាងថា៖ ជាភរិយា លោក តាន់ ពុទ្ធារ័ត្នបានអោយដឹងថា៖ ក្រុមហ៊ុនរបស់គាត់លក់តំលៃទាប ដោយសារជាក្រុមហ៊ុនគាត់ស្របច្បាប់ និងមានអតិថិជនកាន់តែច្រើន។ ចំពោះសំណួរដែលសួរថា៖ ខាងក្រុមហ៊ុន តាន់ ម៉េង នាំចូលគេចពន្ធឬមួយយ៉ាងណា បានជាលក់ក្នុងតំលៃទាប..? លោកស្រីមិនបានធ្វើអត្ថាធិប្បាយទេ គ្រាន់លើកឡើងថា៖ តើមានខាងក្រុមហ៊ុនណាដែលនិយាយបែបនេះមកលើក្រុមហ៊ុនគាត់ និងចេះតែបកស្រាយទៅកាន់អ្នកកាសែតបណ្តាលអោយប៉ះពាល់កន្លែងរកសុីរបស់គាត់។
លោកស្រីបន្តថា៖ គាត់មិនមែនរកសុីគ្រឿងញៀនទេ ចឹងហើយទើបសមត្ថកិច្ចសុទ្ធតែជាអ្នកល្អៗមិនមកប៉ះពាល់រករឿងកន្លែងគាត់ ហើយលោកស្រីនៅតែបន្តលក់តំលៃបែបនេះដដែល ខណះអ្នករកសុីខ្លះមិនបានដឹងច្បាស់ពីតំលៃលក់ពិតប្រាកដនៅលើទីផ្សារ។ លោកស្រីបានគម្រាមផងដែរដល់អ្នកកាសែតដែលបានដាក់រូបស្វាមីគាត់ជានាយកក្រុមហ៊ុន លើទំព័រកាសែត គាត់កំពុងរកមុខនិងឈ្មោះ ប៉ុន្តែមិនដឹងថាគាត់មានចេតនាល្អឬអាក្រក់មកលើអ្នកកាសែត។
ដោយឡែកលោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ និងលោក កើត សុធារ៉ា ប្រធានគយចល័តទូទាំងប្រទេស អង្គភាព «នគរវត្ត»មិនទាក់ទងសុំការបំភ្លឺបានទេដោយគ្មានលេខទូរស័ព្ទ។
ទោះជាសមត្ថកិច្ចជំនាញមិនចុះពិនិត្យនិងឆែកឆេយ៉ាងណាក៏ដោយ ក៏អ្នករកសុីនាំផលិតផលនេះប្រភពដើមពីរោងចក្រប្រទេសចិន អះអាងថា៖ ក្រុមហ៊ុនមួយនេះអាចនាំចូលបង់ពន្ធមិនគ្រប់ ទើបគាត់មានឱកាសបន្ទាបតំលៃខុសពីប្រក្រតី ខុសគ្នាសឹងពាក់កណ្តាលមកលើអ្នកនាំចូលបង់ពន្ធ និងសូមអោយមានការត្រួតពិនិត្យ ក៏ដូចជារឹតបន្តឹងទំនិញគេចពន្ធ ដើម្បីទាញបានជាប្រភពចំណូលពន្ធរបស់រដ្ឋ និងគ្មានឈ្មួចមានចេតនាមិនល្អរកសុីគេចលក់តំលៃទាប វាយទម្លាក់ទីផ្សារទៅអ្នករកសុីបង់ពន្ធស្របច្បាប់នោះ៕ សុខ ខេមរា