សេតវិមានបានប្រកាសឲ្យដឹងថា អាមេរិកបានខិតខំត្រៀមលក្ខណៈដើម្បី ជំនួបកំពូលរវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន នៅសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ដូចការគ្រោងទុក។
លេខាធិការព័ត៌មាននៅសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅក្នុងសប្តាហ៍នេះនឹងជួបពិភាក្សា ជាមួយប្រធានគណៈកម្មាធិការមជ្ឈិមបក្សកូរ៉េខាងជើង លោក Kim Yong Chol ដែលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Kim Yong chol ជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងកិច្ច ពិភាក្សារវាងកូរ៉េទាំងពីរនាពេលកន្លងមក។
លោកស្រី Sarah Sanders បញ្ជាក់ទៀត ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនឹងមានជំនួបពិភាក្សាជាមួយនាយករដ្ឋ មន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅសេត វិមាន នាថ្ងៃទី៧ ខែមិថុនា មុនពេលជំនួប រវាងលោក ត្រាំ នឹងគីម ជុងអ៊ុន នាថ្ងៃទី ១២ ខែមិថុនា។
តាមប្រភពព័ត៌មានពីសេតវិមានបាន ឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើង បន្តជួបពិភាក្សាគ្នានៅ តំបន់ព្រំដែនប្រទេសទាំងពីរ ដើម្បីពិភាក្សាទៅលើបញ្ហាសំខាន់ៗក៏ដូចជាការរៀបចំ ជំនួបកំពូលរបស់មេដឹកនាំទាំងពីរផងដែរ។
ក្រុមអ្នកឯកទេសបានលើកឡើងថា ក្រោយជំនួបកំពូលរវាងអាមេរិក នឹងកូរ៉េ ខាងជើង នឹងមានជំនួបរវាងជប៉ុន នឹងកូរ៉េ ខាងជើងជាបន្តទៀត។ នេះជាដំណឹងដ៏ល្អ មិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េនោះឡើយ គឺនៅតំបន់អាស៊ីទាំងមូល។
ក្រោយទទួលបានជ័យជម្នះនៅក្នុង ជំនួបពិភាក្សារវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន នាថ្ងៃទី២៧ ខែមេសា គឺជាការចាប់ផ្តើមជំរុញឲ្យមានជំនួបរវាងអាមេរិក នឹងកូរ៉េខាងជើង។ នៅពេលនេះសាធារណមតិជុំវិញពិភពលោកកំពុងតែ រង់ចាំមើលជំនួបកំពូលរវាងលោក គីម ជុងអ៊ុន នឹងលោក ដូណាល់ ត្រាំ។
សារព័ត៌មាន Yomiuri របស់ជប៉ុន បានផ្សាយថា ជប៉ុន និងកូរ៉េខាងជើង ត្រូវ មានជំនួបពិភាក្សាជាន់ខ្ពស់ ដើម្បីធ្វើឲ្យ តំបន់ទាំងមូលកាន់តែមានសន្តិភាព មិនមែន បញ្ចប់ត្រឹមកិច្ចពិភាក្សាជាមួយកូរ៉េខាង ត្បូង និងអាមេរិកនោះឡើយ។
តាមគម្រោងប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន និតទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីជួបពិភាក្សាត្រី ភាគី ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺជា រឿងសំខាន់បំផុត នៅពេលដែលកិច្ចពិភាក្សា នោះទទួលបានជោគជ័យ នឹងមានជំនួប ពិភាក្សាជាន់ខ្ពស់ជាបន្តទៀត។
ពាក់ព័ន្ធនឹងទីតាំងនៃជំនួបកំពូលខាងលើប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី នៅថ្ងៃទី៣០ ខែមិថុនា បានប្រកាសថា វិមានប្រធានា ធិបតី សិង្ហបុរី Istana នឹងជាទីកន្លែងដ៏សមស្របសម្រាប់ជំនួបកំពូលរវាងលោក ត្រាំ នឹងលោក គីម។
សារព័ត៌មាន Straits Times បានផ្សាយ ថា វិមាន Istana គឺជាទីកន្លែង ដែលនឹង រៀបចំជំនួបកំពូលដ៏សំខាន់នោះ។ ប៉ុន្តែ ទីតាំងចុងក្រោយ ដែលនឹងសម្រេចសម្រាប់ ជំនួបជាប្រវត្តិសាស្ត្រ នឹងត្រូវប្រកាសជាសាធារណៈក្រោយពេលមន្ត្រីជាន់ខ្ពស់ ប្រទេសទាំងពីរ បានឯកភាពគ្នាទៅលើ របៀបវារៈនៅក្នុងជំនួបនោះ៕ ម៉ែវ សាធី