ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋ មន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាន ប្រកាសថា លោកបានត្រៀមលក្ខណៈ សម្រាប់ជួបពិភាក្សាដោយផ្ទាល់ជាមួយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធដល់ពលរដ្ឋជប៉ុនដែលបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង ក៏ដូចជាកែប្រែទំនាក់ទំនងប្រទេស ទាំងពីរឲ្យកាន់តែប្រសើរឡើង។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក អាបេ បានបញ្ជាក់ថា «ខ្ញុំចង់ឲ្យមានទំនាក់ទំនងផ្ទាល់ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាប្រឈមមុខដាក់ គ្នា»។

លោក អាបេ បញ្ជាក់ទៀតថា គ្មានការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោ បាយរបស់ជប៉ុន ក្នុងការស្វែងរកសន្តិភាព នោះឡើយ។ ប្រសិនបើកូរ៉េខាងជើងមានទស្សនវិស័យត្រឹមត្រូវនោះនឹងមានអនា គតភ្លឺត្រចះត្រចង់។

ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ ក៏បានសន្យាជាមួយជប៉ុនថានឹងលើកយកបញ្ហាពលរដ្ឋជប៉ុនដែលកូរ៉េខាងជើងបានចាប់ខ្លួនក្នុងអំឡុងឆ្នាំ១៩៧០ និង១៩៨០ មកពិភាក្សានៅក្នុងជំនួបជា មួយមេដឹកនាំ គីម ជុងអ៊ុន នៅសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខាងមុខ។

កន្លងមកជប៉ុនក៏បានសន្យាជួយកសាងសេដ្ឋកិច្ចកូរ៉េខាងជើងឲ្យកាន់តែរីកចម្រើន ប្រសិនបើកូរ៉េខាងជើងព្រមបោះបង់កម្មវិធីបរមាណូនោះ។ ចំណែកអាមេរិកវិញក៏ ដូច្នេះដែរ បើកូរ៉េខាងជើងគោរពទៅតាមអ្វីដែលខ្លួនបានលើកឡើងថាលុបបំបាត់ បរមាណូនោះ កូរ៉េខាងជើងនឹងក្លាយជា មហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់។

កន្លងមកថ្មីៗកូរ៉េខាងជើង បានបំផ្លាញទីតាំងសាកល្បងបរមាណូនៅក្រោមដី ហើយកាលពីថ្ងៃទី៧ ខែមិថុនា កូរ៉េខាង ជើង ក៏បានបំផ្លាញទីតាំងបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបផងដែរ។ សកម្មភាព ខាងលើ បានធ្វើនៅមុនពេលជំនួបពិភាក្សាជាមួយលោក ត្រាំ ក្នុងគោលដៅធ្វើឲ្យមានបរិយាកាសល្អពេលពិភាក្សាគ្នា។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា គោលដៅសំខាន់របស់មេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន នាពេលនេះ គឺអភិ វឌ្ឍន៍សេដ្ឋកិច្ច ជួយដល់ពលរដ្ឋរួចផុតពី ភាពក្រីក្រ។ ពលរដ្ឋកូរ៉េខាងជើងបានរង ទុក្ខវេទនាជិត៧០ឆ្នាំមកហើយ ចាប់តាំងពី សង្គ្រាមឧបទ្វីប ឆ្នាំ១៩៥០ ហើយបញ្ចប់ នៅឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់ បាញ់។ នៅពេលនេះ គីម ជុងអ៊ុន ចង់ឲ្យ មានសន្តិភាពពេញលេញ មានសន្ធិសញ្ញា សន្តិភាព ដើម្បីផ្តោតទៅលើការអភិវឌ្ឍ សេដ្ឋកិច្ច និងបញ្ចប់ការចំណាយទៅលើ កម្មវិធីអាវុធ ក្នុងនោះមានបរមាណូជាដើម៕ ម៉ែវ សាធី


ចែករំលែក៖