ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម ប្រាប់យុវជនបក្សត្រូវធ្វើជាគំរូល្អ និងចេះទទួលយកយោបល់មន្ត្រីចាស់ៗ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយុវជនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារក្នុងខេត្តឧត្តរមានជ័យ បានជំរុញឲ្យយុវជនទាំងអស់ ត្រូវតែធ្វើសកម្មភាពជាគំរូល្អនៅក្នុងសង្គម និងចេះទទួលយកយោបល់ពីមន្ត្រីចាស់ៗនៅក្នុងបក្សផងដែរ។

មកដល់ពេលបច្ចុប្បន្ននេះនៅក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជាមានសមាជិកជាយុវជនដែលជាកម្លាំងស្នូលរបស់បក្សជាង ៤ម៉ឺននាក់ហើយ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ លោក គន់ គីម បានលើកឡើងថា យុវជនគឺជាកម្លាំងដ៏រឹងមាំ និងជាកម្លាំងប្រកបដោយថាមពលសម្រាប់បក្ស និងជាតិទាំងមូលផងដែរ។

ក្នុងន័យនេះលោក គន់ គីម បានក្រើនរំលឹកដល់យុវជនបក្សទាំងអស់ ត្រូវយកចំណេះដឹងទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសកម្មភាពជាក់ស្តែង។ លោកថា វគ្គសិក្សាគ្រាន់តែជាមូលដ្ឋានមួយប៉ុណ្ណោះ ប៉ុន្តែការពង្រីកបានចំណេះដឹងជាប្រចាំ ត្រូវស្វែងយល់ពីកម្មវិធីនយោបាយ សេចក្តីសម្រេចចិត្តរបស់គណបក្ស ការរីកចម្រើនរបស់ប្រទេសជាតិ ពីសភាពការណ៍វិវត្តន៍ទាំងក្នុង និងក្រៅប្រទេស ទើបឆ្លើយតបបានតាមតម្រូវការការងារ។

ប្រធានគណៈពង្រឹងការងាររូបនេះ ក៏បានផ្តល់ដំបូន្មានដល់យុវជនទៀតថា ពេលធ្វើការងារត្រូវចេះទទួលយកមតិយោបល់របស់មន្ត្រីចាស់ៗនៅមូលដ្ឋាន ព្រោះគាត់មានបទពិសោធជាង ហើយជាយុវជន ត្រូវតែសកម្ម គោរពវិន័យ និងធ្វើជាគំរូល្អ នៅមូលដ្ឋាន រក្សាភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ ត្រូវរួមជាមួយក្រុមការងារគណបក្សនៅមូលដ្ឋាន ចុះទៅតាមខ្នងផ្ទះ ធ្វើការឃោសនា បំផុសឲ្យប្រជាពលរដ្ឋជឿលើគណបក្សប្រជាជន និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក គន់ គីម មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន ក៏បានប្រាប់ក្រុមយុវជន ឲ្យធ្វើសកម្មភាពវាយបកការឃោសនារបស់ពួកប្រឆាំង ដែលបំផុសប្រជាពលរដ្ឋមិនឲ្យទៅផ្ទះតាមរយៈយុទ្ធនាការ «ដេកផ្ទះឈ្នះឯង»៕


ចែករំលែក៖