ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែង កញ្ញា វណ្ណ វលក្ខណ៍ ទំនងស្រវឹងបើករថយន្តទំនើបកល់នឹងថ្មច្រកចូលក្រោមដី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធម្មតា ដែល តារាសម្ដែងស្រស់សោភាម្នាក់គឺកញ្ញា វណ្ណ វលក្ខណ៍ ដែលទំនងជាស្រវឹងស្រាផងនោះបានបើកបររថយន្តទំនើបមួយគ្រឿងច្រឡំផ្លូវបត់ចូលផ្ទះ ក៏បើកជ្រុលទៅធ្លាក់កង់ចូលច្រកចំណតក្រោមដីកល់រថយន្តទៅមុខលែងរួច តែមិនបង្កឲ្យមានរងការខូចខាតអ្វីនោះទេ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខអគារកំពុងជួសជុលមួយកន្លែង ទល់មុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ គឺកញ្ញា វណ្ណ វលក្ខណ៍ បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើទំនងនាងបត់តាមផ្លូវទៅផ្ទះ ក៏រេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅធ្លាក់កង់ខាងមុខចំហៀងខាងឆ្វេង ចូលច្រកចូលចំណតក្រោមដីរបស់អគារខាងលើ តែមិនបង្កឲ្យរងការខូចខាតនេះទេ។

សាក្សីបន្តថា បន្ទាប់មក នាងក៏បានដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ចំណុចកើតហេតុផងដែរ ប៉ុន្តែដោយសាររថយន្តមិនបង្កឲ្យមានការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចទាក់ទងទៅហៅនាង ដើម្បីឲ្យស្ទូចយករថយន្តត្រឡប់ទៅវិញចុះ ហើយក្រោយមកក្រុមគ្រួសាររបស់នាងមកដល់ក៏ ស្ទូច យករថយន្តបើកត្រឡប់ទៅផ្ទះទាំងយប់ ៕ សហការី


ចែករំលែក៖