ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា អ្នកពូកែបង្កើតរឿងគឺ ផែង វណ្ណៈ អ្នក បន្តភាគរឿងពោតស្ងោរគឺខាន់ ចាន់សុផល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា បញ្ហា «ពោតស្ងោរ ពោតដុត» ដែលកក្រើក មេឃកក្រើកដីនេះបញ្ហាកើតចេញពីអ្នកពូកែ បង្កើតរឿងគឺ ផែង វណ្ណៈនេះមួយ និយាយ ឲ្យចំតែម្តងទៅ។ អាហ្នឹងទៅសម្ភាសខាង លោក(សង្ឃ)ផែង វណ្ណៈ ល្មមបានហើយ។ រីឯទី២ ខាន់ ចាន់សុផល ទៅសម្ភាសខាង ស្រី វាមិនខុសពីចាប់សង្អារបញ្ជល់គ្នាទេ! បង្កើតរឿងវែងឆ្ងាយទៅដល់ណាទៀត?»។
សម្តេចតេជោបានបន្តថា ហេតុអ្វីរឿង មនុស្សតែ២នាក់សោះបង្កើតជាបញ្ហារញ្ជួយមេឃរញ្ជួយដីយ៉ាងដូច្នេះ ខណៈដែលពោត កំពុងឡើងថ្លៃធ្វើឲ្យពោតចុះថ្លៃ? រឿងនេះ ជារឿងមិនសមហេតុសមផលសោះ ។
សម្តេចតេជោបានបន្ថែមថា ផែង វណ្ណៈ និងខាន់ ចាន់សុផល សុទ្ធតែជាមន្រ្តីយោធា ហើយមិនព្រមរម្ងាប់អធិករណ៍ទេបែរជាទៅ បង្កើតរឿងឲ្យកាន់តែធំ តើវាបានប្រយោជន៍ អ្វីទៅ? ខាងព្រះសង្ឃក៏បានទទួលវិន័យរួច ហើយ ឯខាងស្រីក៏បានទទួលភាពអាម៉ាស់ច្រើនណាស់ទៅហើយដែរ ។
យ៉ាងណាសម្តេចតេជោបានបង្ហើបថា ផែង វណ្ណៈ និង ខាន់ ចាន់សុផល អ្នកលេង ហ្វេសប៊ុកដូចគ្នាតែមិនត្រូវគ្នាទេ! ព្រោះ ផែង វណ្ណៈ ទៅសម្ភាសលោកសង្ឃ ខាង ស្រីខឹងទម្លាយឯកសារតែម្តងទៅ ដល់ឃើញ រឿងនោះដូចជាទំនង ខាន់ ចាន់សុផល ក៏ ទៅសម្ភាសខាងស្រីបង្កើតវគ្គ១វគ្គ២ទៅ ។
ជាមួយគ្នានេះសម្តេចតេជោបានអំពាវនាវឲ្យបញ្ចប់បញ្ហា «ពោតស្ងោរ ពោតដុត» នៅខេត្តបន្ទាយមានជ័យដើម្បីការពារតម្លៃព្រះពុទ្ធសាសនា និងការពារនូវតម្លៃរបស់ស្រ្តីខ្មែរ ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល បញ្ឈប់រឿងនេះជាបន្ទាន់ទុកការងារនេះឲ្យមន្រ្តីជំនាញនិងតុលាការជាអ្នកដោះស្រាយ។ ដូច្នេះអ្នកដែលមានទោស នេះមិនមែនលោកសង្ឃ និងនារីនោះទេគឺ លោក ផែង វណ្ណៈ និងលោក ខាន់ ចាន់ សុផល ជាអ្នកមានទោស ។
ជាមួយគ្នានេះសម្តេចតេជោបានស្នើសុំដូច្នេះថា «តើខ្ញុំអាចសុំបានទេ អស់លោក អ្នកលេងហ្វេសប៊ុកទាំងឡាយ! បង្ករឿង ដល់ណាទៀត។ ព្រះពុទ្ធសាសនាមិនគប្បីអាប់ឱនទៅតាមការប្រព្រឹត្តរបស់សង្ឃ១ អង្គ ឬ២អង្គនោះទេ ហើយស្រ្តីខ្មែរក៏មិនគប្បី ត្រូវបានបង្ខូចកិត្តិយសដោយសារទង្វើខុសឆ្គងរបស់ស្រ្តីម្នាក់ ឬ២នាក់នោះដែរ» ។
សម្តេចតេជោបានអំពាវនាវឲ្យភាគី ពាក់ព័ន្ធក្នុងរឿងពោតស្ងោរនៅខេត្តបន្ទាយមានជ័យនេះត្រូវបញ្ចប់តរឿងពោតស្ងោរនេះដើម្បីរក្សាព្រះពុទ្ធសាសនា និងកិត្តិយស របស់ស្រ្តីខ្មែរ ៕ ហេង សូរិយា