ព័ត៌មានទាន់ហេតុការណ៍៖

Eden Hazard របួសជាក្តីកង្វល់សម្រាប់បែលហ្ស៊ិកនៅ World Cup

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Eden Hazard រងរបួសជើងរបស់ខ្លួនអំឡុងពេលលេងប្រកួតមិត្តភាពបែលហ្សុិកយកឈ្នះក្រុមកូស្ដារីកា ៤-១ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២១៨ មុន ឈានទៅព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្សុី។

ក្នុងជំនួបមិត្តភាពអន្តរជាតិនោះខ្សែបម្រើឆ្នើម Hazard លេងបានត្រឹម៧០នាទីប៉ុណ្ណោះ ក៏ត្រូវប្ដូរចេញ ដោយសារតែរូបគេមានអារម្មណ៍ឈឺជើង។ រឿងនេះបានធ្វើឱ្យគ្រូបង្វឹកបែលហ្សុិកមានក្ដីបារម្ភច្រើន ត្បិតអីព្រឹត្តិការណ៍ World Cup នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។

លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សុិកបាននិយាយថា Hazard ឈឺជើងបន្តិច ប៉ុន្តែប្រហែលជាមិនធ្ងន់ធ្ងរនោះទេ។ ក្រុមគ្រូពេទ្យបានផ្ដល់សញ្ញាវិជ្ជមានដល់ក្រុម។ ដូច្នេះរំពឹងថាអ្វីគ្រប់យ៉ាងនឹងល្អដើម្បីត្រៀមទៅលេងនៅ World Cup 2018 នៅប្រទេសរុស្ស៊ី។

នៅក្នុងជំនួបមិត្តភាពនោះខ្សែប្រយុទ្ធ Romelu Lukaku លេងនៅក្លិបបិសាចក្រហម រកបាន២គ្រាប់ និងការបង្ហាញពីទម្រង់លេងប្រកបដោយការជឿជាក់ថា ពីសំណាក់ Eden Hazard បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកផ្តួលក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល ៤-១ ក្នុងទីក្រុង Brussels ។

ប៉ុន្តែអ្នកគាំទ្ររបស់ក្រុមបែលហ្ស៊ិកមានការបារម្ភ ខណៈដែល Hazard ដែលបានបង្ហាញពី ទម្រង់លេងដ៏អស្ចារ្យនាពេលថ្មីៗនេះ បានប្តូរចេញទាំងមានរបួសនៅនាទីទី៧០។ ក្រោយមក មិត្តរួមក្រុមរបស់គេបានលុបចោលការព្រួយបារម្ភផ្សេងៗទាក់ទងនឹងការតារាឆ្នើមរបស់ក្លិប Chelsea រូបនេះ ។

Lukaku បានឲ្យដឹងបន្ទាប់ពីការប្រកួតនេះថា «ខ្ញុំមិនបារម្ភខ្លាំងអំពី Eden ឡើយ។ រូបគេជាមនុស្សរឹងមាំ។ រូបគេមានបញ្ហារាល់លើក ប៉ុន្តែអាចជម្នះលើបញ្ហាលនោះយ៉ាងឆាប់រហ័ស»។

ក្រុមជម្រើសជាតិបែលហ្ស៊ិករបស់លោកគ្រូបង្វឹក Roberto Martinez បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំសម្រាប់កូស្តារីកា ដែលបានចាប់ផ្តើមយ៉ាងល្អ និងរកបានគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករ Brian Ruiz ក្រោយពីពួកគេបានដាក់សម្ពាធនៅដើមតង់។ ប៉ុន្តែ បែលហ្ស៊ិក ដែលបានផ្តួលក្រុមជម្រើសជាតិអេហ្ស៊ីប ៣-០ កាលពីសប្តាហ៍មុននោះ បានដណ្តើមយកការនាំមុខក្នុងលទ្ធផល ២-១ នៅត្រឹមតង់ទី១ ក្រោមការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Hazard មុននឹងពួកគេរកបាន២គ្រាប់បន្ថែមទៀតនៅតង់ទី២។ ក្រុមជម្រើសជាតិបែលហ្ស៊ិក ស្ថិតក្នុងពូល G នៃយុទ្ធនាការ World Cup រួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ប៉ាណាម៉ា និងទុយនេស៊ី៕ ដេវីត


ចែករំលែក៖